កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះបានដឹកនាំកងកម្លាំងចម្រុះ ចុះពិនិត្យស្ថានភាពបទល្មើសនេសាទតាមដងទន្លេនៃខេត្តកំពង់ឆ្នាំង ដែលរួមដំណើរដោយអភិបាលរងខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរកសិកម្ម ប្រធានមន្ទីរបរិស្ថាន រួមនឹងអាជ្ញាធរមូលដ្ឋាននៅគ្រប់គោលដៅផងដែរ។ ជាលទ្ធផលគឺបទល្មើសក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងនៅតិចតួចបំផុត បើប្រៀបធៀបទៅនឹងមុនបទបញ្ជាសម្តេចតេជោ ហ៊ុន សែន។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាក់ថា ថ្ងៃនេះកម្លាំងចម្រុះរបស់គណបញ្ជាការឯកភាពខេត្ត ស្រុក សហការជាមួយមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ បានចុះតាមដងទន្លេក្នុងភូមិសាស្ត្ររបស់ខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យមើលអំពីស្ថានភាពបទល្មើសនេសាទ ក្រោយពីអាជ្ញាធរខេត្តបានដាក់នូវវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនាពេលកន្លងមក។ តាមរយៈនៃការចុះពិនិត្យស្ថានភាពជាក់ស្តែងនៃបទល្មើសនេសាទតាមដងទន្លេនេះ បទល្មើសនេសាទមានការថយចុះច្រើនបើប្រៀបធៀបនឹងពេលកន្លងទៅ ហើយមានតិចតួចបំផុត។ ការដែលបទល្មើសនេសាទមានការថយចុះនេះដោយកន្លងមកនេះអាជ្ញាធរមូលដ្ឋាន ក៏ដូចជាកម្លាំងចម្រុះតែងតែចុះទប់ស្កាត់បង្ក្រាប និងធ្វើការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋចូលរួម លុបបំបាត់នូវរាល់បទល្មើសនេសាទ និងរួមគ្នាថែរក្សាធនធានជលផលរបស់យើងឡើងវិញ។ តាមរយៈនៃការថយចុះនៃបទល្មើសនេសាទនេះ ខេត្តកំពង់ឆ្នាំងចាប់ផ្តើមសំបូរត្រីឡើងវិញផងដែរ។
ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំងបានអំពាវនាវដល់ប្រជានេសាទទាំងអស់ មេត្តាចូលរួមជាមួយអាជ្ញាធរ សមត្ថកិច្ចជំនាញ ក្នុងការទប់ស្កាត់បទល្មើសនេសាទនេះឲ្យបាននៅគ្រប់ទីកន្លែង ដើម្បីឱ្យធនធានជលផលនៅខេត្តកំពង់ឆ្នាំងយើងសំបូរឡើងវិញ។ នៅខែកុម្ភៈកន្លងមកនេះ ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងបានបង្ក្រាបបទល្មើសនេសាទបាន ១៩ករណី ដកហូតបានវត្ថុតាង របាំងសាច់អួនចំនួន ៧៦កន្លែងស្មើនឹង ២៧៥០ម៉ែត្រ, របាំងរាំងផ្ចិតព្រែកចំនួន ១០កន្លែងស្មើនឹង ១០០ម៉ែត្រ សម្រាស់ចំនួន ២៩កន្លែងស្មើនឹង ៤១០០ម៉ែត្រ។ ចាក់លែងត្រីចម្រុះចំនួន ៣៩៥គីឡូក្រាម បង្គោលចំនួន ១២,៤៣៥ដើម៕ អត្ថបទ៖ ហុង វាស្នា



