កំពង់ស្ពឺ ÷ ឯកឧត្តមវេជ្ជបណ្ឌិត តូច យ៉ាន អនុប្រធានក្រុមការងារចុះជួយស្រុកឱរ៉ាល់ និងជាប្រធានស្តីទីក្រុមការងារចុះជួយឃុំត្រពាំងជោ តំណាងឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធាទី១ តាមរយៈបណ្តាញBTV ព័ត៌មាននាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះថា សមាជិកបក្សថ្មីឃុំត្រពាំងជោ ប្រកាសទទួលស្គាល់នាថ្ងៃនេះ ត្រូវបំរើប្រជាជនមហាជនដោយស្មោះត្រង់ មិនប្រកាន់បក្សពួកនិន្នាការនយោបាយឡើយ។
ឯកឧត្តមវេជ្ជបណ្ឌិត តូច យ៉ាន បានបន្តទៀតថា នេះជាលើកទី៣ ដែលគណបក្សប្រជាជនកម្ពុជា ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានធ្វើពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីចំនួន១០១នាក់ ស្រ្តីចំនួន៥១នាក់ បើសរុបទាំង៣លើក បានចំនួន៥១៣នាក់ ស្រី២៦៦នាក់ និងសូមស្វាគមន៍យ៉ាងកក់ក្តៅ និងសូមចូលរួមកោតសសើរដោយស្មោះចំពោះការសំរេចចិត្តច្បាស់លាស់ ហើយត្រឹមត្រូវរបស់បងប្អូន មីងមា ដែលចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេ។ ជាពិសេសតាំងពីដំណាក់កាលតស៊ូផ្តួលរំលំរបប ប៉ុល ពត មកដល់បច្ចុប្បន្នគណបក្ស បានសាមគ្គីប្រជាជាតិខ្មែរទាំងមូលប្រឹងប្រែងក្រោកឈរឡើង ពុះពារគ្រប់ឧបសគ្គ ធ្វើដំណើរទៅមុខជានិច្ចនៅលើមាគ៌ាដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិត ភាពអង់អាច និងបត់បែនតាមការវិវត្តន៍នៃសភាពការណ៍ជាតិ និងអន្តរជាតិ សម្រេចបានជោគជ័យជ័យយ៉ាងធំធេង បង្កើតបានសមិទ្ធផលធំៗជាប្រវតិ្តសាស្រ្តជូនជាតិ។
ឆ្លៀតក្នុងឱកាសនោះក្រោយពេលបានទទួលពាក្យសុំចូលជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងទទួលបានសេចក្ដីសម្រេចពីគណបក្សឃុំរួចហើយ ឯកឧត្តមវេជ្ជបណ្ឌិត តូច យ៉ាន បានសង្កត់ធ្ងន់ថា បងប្អូនយើងមានតួនាទី ភារកិច្ចដូចខាងក្រោមគឺ៖ កសាងខ្លួនជាបុគ្គលគំរូ ធ្វើអំពើល្អ សុភាពរាបសារជាមួយប្រជាជនមហាជនធ្វើឲ្យប្រជាជន មហាជនគោរព ស្រឡាញ់ ត្រូវចេះការពារបក្ស ស្រឡាញ់គណបក្ស មានសាមគ្គីភាពល្អផ្ទៃក្នុងបក្ស ចេះយកអាសារគ្នា ការពារគ្នា ជួយគ្ន គ្រប់កាលទេសៈ, ចូលរួមគ្រប់សកម្មភាពការងារភារកិច្ចបក្សចាត់តាំង ឬជ្រើសរើសនានា និងចូលរួមកសាងបក្ស ពង្រីកបក្ស ចេះចលនាអូសទាញប្តីប្រពន្ឋ កូនចៅ ម៉ែឪ សាច់ញាតិយើងឲ្យមកចូលរួមជីវភាពនយោបាយជាមួយយើងជាដាច់ខាត កុំឲ្យផ្ទះមួយមានគណបក្ស២ ឬ៣ឲ្យសោះ និងត្រូវចេះចលនាមហាជនប្រជាជន ឬសមាជិកគណបក្សដទៃឲ្យមកចូលរួមជីវភាពនយោបាយជាមួយគណបក្សយើងដែរ ដើម្បីធានាឲ្យជោគជ័យក្នុងការបោះឆ្នោតជាតិ ឬរាល់ការបោះឆ្នោតឃុំ-សង្កាត់ជូនគណបក្សយើង។ ទន្ទឹមនឹងនោះក្នុងនាមជាសមាជិកសមាជិកាគណបក្សប្រជាជន យើងត្រូវយល់ដឹងពីគោលនយោបាយនិងសេចក្ដីសម្រេច ចិត្តមហាសន្និបាតបក្សកាលពីថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣ ដែលមានខ្លឹមសារ ចំនួន១១ចំនុច និងគាំទ្រពេញទំហឹង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រី្តសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រី្តសម្រាប់ពេលអនាគត៕ អត្ថបទ÷ រដ្ឋា









