ភ្នំពេញ៖ តាមរយៈTelegram នាយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងអំណរគុណបងប្អូនដែលបានបង្ហោះវីដេអូមួយដោយបង្ហាញពីជំនួបដំបូងរវាងសម្ដេច និងសម្ដេចព្រះបីតាជាតិដែលគេនិយមហៅថា ជំនួបសីហនុ ហ៊ុន សែន ហ្វែ អង់តាដឺណ័រប្រទេសបារាំងថ្ងៃទី២ ខែឆ្នូ ឆ្នាំ១៩៨៧។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ”ជំនួបដំបូងនេះភាគីម្ខាងៗមាន៣រូបដែលភាគី ព្រះករុណា មានព្រះអង្គផ្ទាល់អមដោយសម្តេចម៉ែ និងសម្តេចក្រុមព្រះ។ ឯភាគីភ្នំពេញមានសម្ដេចតេជោ អមដោយឯកឧត្តម ឌិច មន្ទី និង ឯកឧត្ដម ចម ប្រសិទ្ធ។” ការចរចាធ្វើពេញមួយថ្ងៃ (ថ្ងៃទី២ធ្នូ) បន្តមកថ្ងៃទី៣ធ្នូ សម្រេចបានសេចក្តីប្រកាសរួមមួយមកចុះហត្ថលេខាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ១៩៨៧។”
សម្ដេចតេជោបានសង្គត់ធ្ងន់ថា ជំនួប និងសេចក្តីថ្លែងការណ៍នេះហើយដែលបង្កើតបាននូវមូលដ្ឋាន សម្រាប់ការចរចា នៃភាគីពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ និងឈានដល់កិច្ចព្រមព្រៀងប៉ារីស។
សម្ដេចតេជោបន្តថា មុនចរចានាំគ្នាអង្គុយឲ្យសារព័ត៌មានចូលថតបន្ទាប់មកទើបចាប់ផ្តើមចូលតុចរចា គង់ និងអង្គុយទល់មុខគ្នា។
សម្ដេចតេជោ ជឿជាក់ថា តាមរយៈការពន្យល់ និងវីដេអូដែលបានផ្សព្វផ្សាយនេះនឹងជួយឲ្យបងប្អូនប្រជាជនយើងអាចយល់បានពីដំណើររឿងប្រវត្តិសាស្ត្រកម្ពុជាដែលអាចជៀសវាងបានពីការយល់ខុសតាមការកុហករបស់មនុស្សខ្លះ៕


