ឥណ្ឌា៖ ប្រជាជនឥណ្ឌាបានព្យាយាមចុះឈ្មោះតាមអ៊ីនធឺណិត សម្រាប់ការចាក់វ៉ាក់សាំងបង្ការវីរុសកូរ៉ូណាដ៏ច្រើន ដែលនឹងចាប់ផ្ដើមនៅចុងសប្តាហ៍នេះ ខណៈចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាបានកើនឡើងដល់ជាង ២០ម៉ឺននាក់កាលពីថ្ងៃពុធ ដែលកាន់តែធ្ងន់ធ្ងរទៅដោយសារកង្វះគ្រែពេទ្យ និងអុកស៊ីសែនវេជ្ជសាស្ត្រ។

រលកទី២ នៃការឆ្លងបានមើលឃើញមនុស្សយ៉ាងហោចណាស់ ៣០ម៉ឺននាក់ធ្វើតេស្តវិជ្ជមានក្នុងមួយថ្ងៃៗសម្រាប់សប្តាហ៍កន្លងមកនេះ ដែលមណ្ឌលសុខភាពផ្ទុកពេញដោយអ្នកជំងឺ ហើយកន្លែងបូជាសពពេញណែនដោយសាកសព និងជំរុញឱ្យមានការឆ្លើយតបជាបន្ទាន់កាន់តែខ្លាំងឡើង ដោយបញ្ជូនសម្ភារៈជំនួយសង្គ្រោះពីសំណាក់សម្ព័ន្ធមិត្តបរទេស។ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បាននាំឲ្យមានករណីឆ្លងថ្មីចំនួន ៣៦០.៩៦០នាក់ក្នុងរយៈពេលតែមួយថ្ងៃ ជាការឆ្លងសរុបខ្ពស់បំផុតនៅលើពិភពលោក ដែលធ្វើឲ្យករណីឆ្លងសរុបនៅប្រទេសឥណ្ឌាកើនឡើងដល់ ១៨,៣៦៨,០៩៦នាក់។
វាក៏ជាថ្ងៃអាក្រក់បំផុតផងដែររហូតមកដល់ពេលនេះ ដោយមានអ្នកស្លាប់ថ្មីចំនួន ៣,៦៤៧នាក់ ដែលបានធ្វើឱ្យចំនួនអ្នកស្លាប់សរុបទូទាំងប្រទេសកើនដល់ ២០៤,៨១២នាក់។ រដ្ឋដេលីកំពុងរាយការណ៍ពីមនុស្សស្លាប់ម្នាក់ពីជំងឺ COVID-19 រៀងរាល់ ៤នាទី ហើយរថយន្តសង្គ្រោះបន្ទាន់បានដឹកសាកសពជនរងគ្រោះ ទៅកាន់ឈាបនដ្ឋានបណ្ដោះអាសន្ន ក្នុងឧទ្យាន និងចំណតរថយន្តនានា ជាទីដែលសាកសពត្រូវបានបូជានៅតាមជួរ ដែលរៀបចំជាគំនរអូសដើម្បីបូជាសព៕
អត្ថបទ៖ សុខមាន