ប្រដាល់៖ ស្ថានីយទូរទស្សន៍បាយ័នសហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសបើកការប្រកួតថ្មីមួយទៀតហើយ គឺការប្រកួតកីឡាប្រដាល់គុនខ្មែរ ដណ្ដើមខ្សែក្រវាត់ភេសជ្ជៈខារ៉ាវបាវឆ្នាំ២០២៣ នៅលើសង្វៀនបាយ័នស្ទឹងមាន ដោយមានកីឡាករជើងខ្លាំងកម្ពុជា-ថៃ ៨រូបចូលរួមប្រកួតខ្សែក្រវាត់នេះក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម។ ការប្រកួតគ្រោងធ្វើឡើងជាង ៣ខែរហូតដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។

ថ្លែងក្នុងសន្និសីទការប្រកួតកាលពីល្ងាចថ្ងៃទី១២ ខែមីនាម្សិលមិញ លោក នាង ស៊ីវុត្ថា ប្រធានផ្គូផ្គង និងគ្រប់គ្រងកម្មវិធីប្រដាល់ទូរទស្សន៍បាយ័នបានសម្ដែងនូវសេចក្ដីរីករាយ និងថ្លែងអំណរគុណក្រុមហ៊ុនភេសជ្ជៈខារ៉ាបាវ ដែលគាំទ្រឲ្យមានកម្មវិធីនេះកើតឡើងជាថ្មី ជាមួយការរៀបចំដោយបើកជំហរ និងមានទស្សនិកជនចូលរួមទស្សនាធម្មតាឡើងវិញ បន្ទាប់ពីការប្រកួតបិទទ្វារជាង ២ឆ្នាំដោយសារជំងឺរាតត្បាតកូវីដ-១៩។ យ៉ាងណាមិញ ដើម្បីជំរុញឲ្យការប្រកួតប្រព្រឹត្តទៅដោយរលូន និងទទួលបានការគាំទ្រពីទស្សនិកជន លោកបានសំណូមពរដល់ថ្នាក់ដឹកនាំសហព័ន្ធ ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការផ្ដល់ពិន្ទុរបស់មន្ដ្រីបច្ចេកទេស មានអាជ្ញាកណ្ដាល-ចៅក្រម ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់កីឡាករផង និងអ្នកគាំទ្រផង ដ្បិតអ្នកគាំទ្រសម័យតេជោឆ្នាំ២០២៣ នេះចេះមើលប្រដាល់គ្រប់គ្នា ប្រសិនបើការដាក់ពិន្ទុខុសនឹងនាំឲ្យមានការរិះគន់មិនខាន។

ជាមួយគ្នាដែរ ឯកឧត្តម និន ភិរម្យ អនុប្រធានសហព័ន្ធបានអបអរសាទរ ចំពោះស្ថានីយទូរទស្សន៍បាយ័នដែលតែងរៀបចំនូវកម្មវិធី ក៏ដូចជាការប្រកួតដណ្ដើមខ្សែក្រវាត់ជាបន្ដបន្ទាប់ ជាក់ស្ដែងការប្រកួតដណ្ដើមខ្សែក្រវាត់ភេសជ្ជៈខារ៉ាបាវនេះ គឺជាការរួមចំណែកមួយដល់ការអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរ ក៏ដូចជាជំរុញការផ្សព្វផ្សាយក្បាច់គុនរបស់បុព្វបុរសខ្មែរនេះឲ្យកាន់តែរីកចម្រើន និងល្បីល្បាញលើឆាកអន្ដរជាតិ។ ក្នុងន័យនេះ ឯកឧត្តមបានទទួលយកនូវសំណូមពររបស់លោក នាង ស៊ីវុត្ថា ខណៈមុនការប្រកួតសហព័ន្ធបានបើកកិច្ចប្រជុំ និងក្រើនរំឭកដល់មន្ដ្រីបច្ចេកទេសរបស់ខ្លួនរួចរាល់ ក្នុងការធ្វើយ៉ាងត្រូវផ្ដល់ពិន្ទុដោយសុក្រឹត្យ និងយុត្ដិធម៌បំផុតសម្រាប់កីឡាករគ្រប់រូប ដើម្បីឲ្យកីឡាករទាំងអស់ទទួលយកដោយសេចក្ដីរីករាយ ក៏ដូចជាធ្វើឲ្យអ្នកគាំទ្រមានការគាំទ្ររាល់លទ្ធផលការប្រកួតនីមួយៗ ពិសេសក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់នេះតែម្ដង។
សម្រាប់កីឡាករដែលត្រូវបានផ្គូផ្គងក្នុងកម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរ ដណ្ដើមខ្សែក្រវាត់ភេសជ្ជៈខារ៉ាបាវនេះគឺមានកីឡាករកម្ពុជា ៤រូបដែលស្ថិតក្នុងពូល A រួមមានកីឡាករ ពេជ្រ ប៊ុនសិទ្ធ, ហុង សុវណ្ណចាន់សុធី, ធន់ ផានិត និងកីឡាករ សេក គឹមសាន្ដ។ រីឯ ៤រូបទៀតគឺកីឡាករថៃដែលស្ថិតក្នុងពូល B រួមមានកីឡាករ Thalagnern Por-Arwthalabangsare, Lafarm Tor-Pisannuchai, Petchparkphumi Knoungkraingkrai និងកីឡាករ Inssenoy Nicefairtary។ ឯកឧត្តម និន ភិរម្យ បានបញ្ជាក់ថា ចំពោះរូបមន្ដការប្រកួតនេះគឺប្លែកពីសព្វដង ដោយសហព័ន្ធ និងអ្នករៀបចំកម្មវិធីបានសម្រេចប្រើរូបមន្ដប្រកួតខ្វែងពូល មានន័យថា កីឡាករកម្ពុជាម្នាក់ត្រូវជួបកីឡាករថៃ ៤រូប ឬកីឡាករថៃម្នាក់ត្រូវជួបកីឡាករកម្ពុជា ៤រូប។ បន្ទាប់មកកីឡាករមានពិន្ទុខ្ពស់ជាងគេ ២រូបគឺកីឡាករលេខ១ ពូលA ត្រូវជួបលេខ២ ពូល A និងលេខ១ ពូល B ត្រូវជួបលេខ២ ពូល B ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈអ្នកឈ្នះត្រូវជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រដើម្បីដណ្ដើមខ្សែក្រវាត់ អមប្រាក់រង្វាន់ ៦ពាន់ដុល្លារ។
ក្រឡេកមកចាប់អារម្មណ៍លទ្ធផលការប្រកួតដំបូងចំនួន ២គូនៅថ្ងៃបើកឆាកកាលពីម្សិលមិញ កីឡាករកម្ពុជាសុទ្ធតែបានផ្ដួលកីឡាករថៃឲ្យបោះបង់ការប្រកួត រួមមានកីឡាករ ហុង សុវណ្ណចាន់សុធី ផ្ដួលកីឡាករ Inssenoy Nicefairtary ឲ្យបោះបង់ការប្រកួតត្រឹមទឹកទី២ ខណៈ ១គូទៀតគឺកីឡាករ ពេជ្រ ប៊ុនសិទ្ធ បានផ្ដួលកីឡាករ Lafarm Tor-Pisannuchai ឲ្យបោះបង់ការប្រកួតត្រឹមទឹកទី៣៕ អត្ថបទ៖ លី ឈុនឡា






