ក្រិក៖ មនុស្សរាប់ពាន់នាក់បានប្រមូលផ្ដុំគ្នាជាថ្មីទៀតកាលពីថ្ងៃអាទិត្យ នៅកណ្ដាលរដ្ឋធានីអាតែន ប្រទេសក្រិក ជុំវិញគ្រោះមហន្តរាយរថភ្លើងបុកគ្នាដ៏សាហាវសម្លាប់មនុស្ស ៥៧នាក់កាលពីខែមុននៅក្នុងប្រទេសក្រិក។

ក្រុមអ្នកតវ៉ាបានបង្ហាញកំហឹងជុំវិញការធ្វេសប្រហែលសុវត្ថិភាព នៅក្នុងបណ្ដាញផ្លូវរថភ្លើងរបស់ប្រទេសក្រិក និងបានទាមទារឲ្យដាក់ទោសលើអ្នកទទួលខុសត្រូវដែលបង្កឲ្យរថភ្លើងដឹកអ្នកដំណើរ និងរថភ្លើងដឹកទំនិញបុកគ្នាឆក់យកជីវិតមនុស្ស ៥៧នាក់កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ នគរបាលបាននិយាយថា មនុស្សជាង ៨ពាន់នាក់បានប្រមូលផ្ដុំគ្នានៅក្នុងទីក្រុងអាតែន នៅខាងក្រៅអគាររដ្ឋសភាដើម្បីតវ៉ាជាថ្មីកាលពីថ្ងៃអាទិត្យ ទី១២មីនា។ ក្រុមអ្នកតវ៉ាបានសម្រុកទៅកាន់ទីលានចតុរង្គ Syntagma របស់រដ្ឋធានីអាតែនដោយក្រវីផ្ទាំងបដាអានថា យើងនឹងមិនភ្លេចឡើយ យើងនឹងមិនលើកទោសឲ្យឡើយ និងឃ្លាថា យើងនឹងក្លាយជាសំឡេងរបស់អ្នកស្លាប់ទាំងអស់។

អ្នកក្រុងអាតែនម្នាក់ដែលចូលរួមការតវ៉ាឈ្មោះ Markella វ័យ ៦៥ឆ្នាំបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា កំហឹង និងការមិនពេញចិត្តបាននាំខ្ញុំមកកាន់ទីនេះ ។ អ្នកតវ៉ាម្នាក់ទៀតឈ្មោះ Alexandros វ័យ ២៦ឆ្នាំបាននិយាយថា យើងអស់សង្ឃឹម យើងទាំងអស់គ្នាមិនដឹងថាត្រូវនិយាយថាម៉េច ហើយត្រូវធ្វើអ្វីក្រៅពីការមកប្រមូលផ្ដុំគ្នាតវ៉ានេះ៕
អត្ថបទ៖ សុខមាន