តាកែវ៖ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត ប្រធានក្រុមការងារចុះជួយ មូលដ្ឋានស្រុកបាទី ខេត្តតាកែវ បានរំលឹកដល់ បងប្អូនកម្មករ-កម្មការិនី និងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅស្រុកបាទី ត្រូវនឹកឃើញអំពីកត្តាសន្តិភាពឲ្យបានគ្រប់ពេលវេលា ខណៈសន្តិភាពនេះហើយបានធ្វើឲ្យប្រទេសកម្ពុជា នាពេលបច្ចុប្បន្នមានការអភិវឌ្ឍជាបន្តបន្ទាប់ ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធអគារទីស្នាក់ការគណបក្សឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ និងជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីជាងមួយពាន់នាក់ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើងថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នាពេលសព្វថ្ងៃនេះបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ គ្មានអំពើភេរវកម្ម ហើយគណបក្សប្រជាជនកម្ពុជាគឺនៅគៀកបងប្អូនប្រជាពលរដ្ឋជានិច្ចមិនថាកាលៈទេសៈណានោះទេ។
ឯកឧត្តម បានបន្ថែមទៀតថា« បងប្អូនឃើញហើយ ពីមន្ទីរពេទ្យមានតែមួយរហូតដល់មាន គ្រប់ឃុំ ពីផ្លូវថ្នល់ហុយមកជាកៅស៊ូរ និងប៉េតុងជាបន្តបន្ទាប់ ពីគ្មានរោងចក្ររហូតដល់មានរោគចក្ររាប់សិបរោងចក្រ ខណៈរោងចក្រទាំងនេះបានផ្តល់ឱកាសការងារជូនដល់បងប្អូនធ្វើការជាប្រចាំថ្ងៃដើម្បីចិញ្ចឹមគ្រួសារ។ ដូច្នេះមានតែគណបក្សប្រជាជនកម្ពុជាតែមួយទេ ដែលដឹកនាំប្រទេសពីបាតដៃទទេមកមានអ្វីគ្រប់ យ៉ាងជូនដល់បងប្អូននោះ។
ជាមួយគ្នានោះដែរ ឯកឧត្តម ជា វ៉ាន់ដេត ក៏បានធ្វើការអំពាវនាវដល់បងប្អូនកម្មករ-កម្មការិនី និងបងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោតតំណាងរាស្រ្តនីតិកាលទី៧ ដែលនឹងប្រព្រឹត្តិទៅនា ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឲ្យបានគ្រប់ៗគ្នាផងដែរ ។
ក្នុងពិធីនោះដែរ ឯកឧត្តម គី តិច អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកបាទី និងជាប្រធាន គណៈពង្រឹងឃុំក្រាំងធ្នង់ ក៏បានលើកឡើងផងដែរថា គណបក្សប្រជាជនកម្ពុជា ការពារ និងលើកស្ទួយផលប្រយោជន៍របស់ប្រជាជនគ្រប់រូប ថែរក្សាការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ដើម្បីធានាភាពសុខសាន្តរបស់ប្រជាជន និងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចំរើនជាបន្តបន្ទាប់ទៅទៀត។
ឯកឧត្តមបានបន្តថា គណបក្សប្រជាជនកម្ពុជានឹងបន្តជួយ ដល់បងប្អូនជានិច្ចមិនថាពេលវេលាណានោះទេហើយប្រសិនបើបងប្អូនណា ជាពិសេសគឺបងប្អូនកម្មការិនី មានការរំលោភបំពានប្រការណាមួយទាក់ទងនឹងផ្នែកច្បាប់ ឯកឧត្តមដែលជាប្រធានក្រុមមេធាវីស្ម័គ្រចិត្ត របស់សម្តេចតេជោ សែន នឹងធ្វើការជួយដោះស្រាយដល់បងប្អូនដោយឥតគិតថ្លៃដោយគ្មានការអល់អែកអ្វីនោះឡើយ៕អត្ថបទ៖ បាន ចក់







