បាល់ទាត់៖ ក្រុមកំពូលតារាងកាំភ្លើងធំ Arsenal បានបន្តការនាំមុខដាច់ ៥ពិន្ទុនៅក្របខណ្ឌ English Premier League តាមរយៈជ័យជំនះនៅទឹកដី Fulham យប់មិញ ៣-០។ ក្រុមរបស់ Mikel Arteta បានឆ្លើយនឹងជ័យជំនះរបស់ Manchester City កាលពីថ្ងៃសៅរ៍ដែលបានយកឈ្នះនៅទឹកដី Crystal Palace បង្កើនពិន្ទុដេញតាម Arsenal។

កីឡាករចំនូលថ្មីរបស់ Arsenal, Leandro Trossard បានក្លាយជាតួអង្គសំខាន់ក្នុងជ័យជំនះរបស់ Arsenal ក្រោយពីបានបោះបញ្ជូនឱ្យមានគ្រាប់បាល់ទាំងបីរបស់ Arsenal ដែលសំរេចដោយ Gabriel, Martinelli និង Martin Odegaard។ ជ័យជំនះនេះធ្វើឱ្យ Arsenal បន្តនាំមុខដាច់ ៥ពិន្ទុពី Manchester City ក្រោយលេងបាន ២៧ប្រកួតដូចគ្នា។ ដោយឡែកការប្រកួតកាលពីយប់មិញផងដែរ Manchester United មិនអាចធ្វើអ្វីក្រុមភ្ញៀវ Southampton បានឡើយ បានត្រឹមបញ្ចប់ដោយលទ្ធផល ០-០។ ខ្សែបម្រើការពារប្រេស៊ីល Casemiro ត្រូវបានបណ្តេញចេញត្រឹមនាទីទី៣៤ ក្រោយទទួលបានកាតក្រហមតែម្តងតាមរយៈកំហុសលើ Carlos Alcaraz។

កាតក្រហមនេះ Casemiro នឹងត្រូវជាប់ពិន័យ ៣ប្រកួត ហើយ Manchester United ក៏នឹងប្តឹងតវ៉ាផងដែរ។ សរុបមក Casemiro នឹងត្រូវអវត្តមាន ៤ប្រកួតបូករួមទាំងកាតក្រហមនៅពេលជួប Crystal Palace ផងដែរ មានន័យថាគេនឹងអាចចូលលេងវិញបាននៅពេលជួប Nottingham Forest នៅថ្ងៃទី១៥ ខែមេសា។ Manchester United បន្តឈរលេខ៣ មាន ៥០ពិន្ទុពីលើក្រុមលេខ៤ Tottenham Hotspur ២ពិន្ទុតែ Manchester United នៅសល់មួយប្រកួតក្នុងដៃ៕
អត្ថបទ៖នាង សុភាវុធ