ចិន៖ ទីក្រុងប៉េកាំងបានបង្កើនការរិះគន់លើការសម្រេចចិត្តរបស់ប្រទេសហ្វីលីពីន ក្នុងការស្វែងរកទំនាក់ទំនងយោធាកាន់តែជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ខណៈចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនអូសទាញប្រទេសនេះប្រឆាំងចិន និងឈានទៅរកជម្លោះភូមិសាស្ត្រនយោបាយ។

ស្ថានទូតចិននៅក្នុងទីក្រុងម៉ានីលបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសហ្វីលីពីនត្រូវតែបញ្ឈប់ដំណើរឈានចូលទៅក្នុងផ្លូវអាក្រក់នៃការនាំចចកចូលផ្ទះ ដោយចេញការព្រមានដាច់ណាត់ចំពោះរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Ferdinand Marcos Jnr នូវអ្វីដែលជាសេចក្ដីថ្លែងការណ៍ទី២ របស់ខ្លួនលើបញ្ហានេះក្នុងរយៈពេល ៣ថ្ងៃ។ ទោះបីជាមានការប្ដេជ្ញាពង្រឹងទំនាក់ទំនងអំឡុងដំណើររបស់លោក Marcos ទៅកាន់ទីក្រុងប៉េកាំងកាលពីខែមករា ទំនាក់ទំនងទ្វេភាគីត្រូវបានអាប់អួរនៅពេលថ្មីៗ ក្រោយទីក្រុងម៉ានីលបានសម្រេចងាកទៅរកសហរដ្ឋអាមេរិក ដើម្បីប្រឆាំងការអះអាងសិទ្ធិលើដែនទឹករបស់ចិន ខណៈភាពតានតឹងរីកកាន់តែធំជុំវិញជម្លោះដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូង។
សេចក្ដីថ្លែងការណ៍ចុងក្រោយរបស់ស្ថានទូតចិនកើតឡើង បន្ទាប់ពីឯកអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងម៉ានីលលោក MaryKay Carlson បាននិយាយថា ការសម្រេចចិត្តរបស់លោក Marcos ក្នុងការបើកចំហតំបន់ចំនួន៤ បន្ថែមទៀតដល់កងកម្លាំងអាមេរិក ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារដ៏ល្អប្រសើរ នឹងជួយអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់៕
អត្ថបទ៖ សុខមាន