បន្ទាយមានជ័យ ៖ ក្រុមការងារថ្នាក់ជាតិ សហការជាមួយថ្នាក់ខេត្ត បានបន្តចុះដោះស្រាយបញ្ហាវិវាទដីធ្លី នៅជុំវិញតំបន់បឹងជង្រុក ស្រុកម៉ាឡៃ ក្រោយពីបានសម្របសម្រួល ដោះស្រាយអស់ខែកន្លងមក ហើយតំបន់នេះ បានប្រែឈ្មោះថា ជាតំបន់បឹងជង្រុកអភិវឌ្ឍន៍ តេជោសន្តិភាព ឈ្នះ ឈ្នះ ។
មន្ត្រីក្រុមការងារ បានលើកឡើងថា ក្រោយពីបានដោះស្រាយបញ្ហាប្រឈមនានា នៅចំណុចគោលដៅចម្បងបឹងជង្រុក ៦៧១ ភូមិអូរអម្ពិល ទួលប្រាសាទឃុំទួលពង្រ បានដោយជោគជ័យជាបន្តបន្ទាប់។
លោក ប៉ាន ខែមប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី បានចុះធ្វើការស្រាវជ្រាវ ដើម្បីកំណត់ដោះស្រាយបញ្ហាទំនាស់ដីធ្លីនៅបឹងជង្រុក ចំណុច ៦៧១ ឲ្យបានឆាប់រហ័សក្នុងការបញ្ចប់បញ្ហាប្រឈមនានា ក្នុងតំបន់នេះជូនពលរដ្ឋឲ្យបានឆាប់។
យ៉ាងណាម៉ិញ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងក្រុមការងារ បានបញ្ជាក់ថា ទីតាំងដីទំហំ២០០ហិកតា សម្រាប់បែងចែកប្រគល់ជូនដល់ប្រជាពលរដ្ឋចំនួន១៦៧គ្រួសារ មកពីឃុំសំរោងស្រុកអូរជ្រៅ ដែលកន្លងមក ពួកគាត់ចូលទៅទន្ទ្រានរុករាន ចាប់យកដីនៅដែនជម្រកសត្វព្រៃរនាមដូនសំ ម៉ាឡៃ ចំណុចភូមិស្រឡៅជ្រុំ ភូមិទួលប្រាសាទឃុំទួលពង្រស្រុកម៉ាឡៃ។ក្នុងចំណោមដីកាត់ឆ្វៀលនោះដែរ ក្រុមការងារបានរក្សាទុកដីចំនួន៥០០ហិកតាក្រៅពីសល់ការបែងចែកជូនពលរដ្ឋដែលជាតំបន់ការពារសហគមន៍ ធម្មជាតិ៕
អត្ថបទ ៖ ឃិនសារិទ្ធ



