បាល់ទាត់៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ នៅប្រទេសទួកគីកាលពីចុងសប្តាហ៍កន្លងទៅនេះ គឺរថយន្តដឹកកីឡាករបាល់ទាត់នៃក្លិប Alanya Kestelspor តែសំណាងល្អមិនមានអ្នកណាបាត់បង់ជីវិតឡើយ។
ក្រុមដែលស្ថិតនៅក្នុងលីគទី៤ ទួកគីមួយនេះបានធ្វើដំណើរមកពីការប្រកួតដែលពួកគេឈ្នះ Ofspor ១-០ តែចៃដន្យអាក្រក់ក៏បានជួបហេតុការណ៍អកុសលនេះ ដែលបណ្តាលឱ្យរថយន្តក្រុងក្រឡាប់អូសលើផ្លូវ ១០០ម៉ែត្រ។ បើតាមការបញ្ជាក់របស់ប្រធានក្លិបឱ្យដឹងថា កីឡាករពីរនាក់មានរបួសត្រូវការវះកាត់ និងស្ថិតក្នុងស្ថានភាពត្រូវតាមដាន ស្របពេលដែលកីឡាករ ១១នាក់ផ្សេងទៀត រួមជាមួយគ្រូបង្វឹក និងជំនួយការគ្រូបង្វឹកសុទ្ធតែត្រូវបានដឹកទៅកាន់មន្ទីរពេទ្យ។
យ៉ាងណាក្តី ក្លិបក៏បានធូរស្រាលឡើងវិញដោយហេតុការណ៍អាក្រក់មួយនេះ មិនបានឆក់យកជីវិតនរណាម្នាក់នៅលើរថយន្តក្រុងនោះឡើយ។ ក្លិបបាល់ទាត់ជាច្រើននៅក្នុងប្រទេសទួកគី ដូចជាជើងឯកលីគកំពូល Trabzonspor និង Galatasaray ជាដើម សុទ្ធតែបានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួនពីការសោកស្ដាយ និងជូនពរគ្រប់គ្នាឆាប់ជាសះស្បើយ។ Alanya Kestelspor ជាក្រុមបាល់ទាត់ដែលស្ថិតនៅលីគទី៤ ទួកគី និងកំពុងនាំមុខគេក្នុងតារាងផងដែរ៕
អត្ថបទ៖នាង សុភាវុធ