ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានបិទបញ្ចប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនរងគ្រោះដោយសារទឹកជំនន់ នៅក្នុងខែមីនា ឆ្នាំ២០២៣។
ទន្ទឹមនឹងការបិទបញ្ចប់កម្មវិធីកម្មវិធីឧត្ថម្ភសាច់ប្រាក់មួយនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏នៅតែបន្តឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសាររងគ្រោះដោយសារទឹកជំនន់ទាំងនោះ ដោយសម្រេចផ្ទេរគ្រួសារទទួលផលពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដោយសារទឹកជំនន់ ចូលទៅក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសាររងការប៉ះពាល់ពីសម្ពាធអតិផរណាវិញ។
កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសាររងផលប៉ះពាល់ដោយសារទឹកជំនន់ ដែលត្រូវបានដាក់ឱ្យអនុវត្តកាលពីខែធ្នូ ឆ្នាំ ២០២២ ត្រូវបានប្រកាសបិទបញ្ចប់ក្នុងខែមីនា ឆ្នាំ ២០២៣នេះ។ ទន្ទឹមនឹងការបិទបញ្ចប់ រាជរដ្ឋាភិបាលក៏សម្រេចផ្ទេរគ្រួសារទទួលផលទាំងនោះ ចូលទៅក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសាររងផលប៉ះពាល់ពីសម្ពាធអតិផរណាវិញ។
ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម លើកឡើងថា គ្រួសារដែលទទួលផលពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជនរងគ្រោះដោយសារទឹកជំនន់ចំនួនជិត ១០ម៉ឺនគ្រួសារ ក៏ជាគ្រួសារដែលរងការប៉ះពាល់ពីសម្ពាធអតិផរណាផងដែរ។ ហេតុផលនេះ ទើបមានការសម្រេចផ្ទេរគ្រួសារទាំងអស់នោះ ឱ្យមកទទួលថវិកាពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារររងសម្ពាធអតិផរណាលើកទី ២ ដោយស្វ័យប្រវត្តិ។ ចំពោះការបើកសាច់ប្រាក់ គឺចាប់ផ្ដើមនៅថ្ងៃទី ១០ ខែមេសា ខាងមុខ។
ឯកឧត្តមបន្តថា ចំពោះថវិកាដែលទទួលបាន គឺនឹងមិនដូចថវិកាដែលធ្លាប់ទទួលបានក្នុង ឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសាររងគ្រោះដោយសារទឹកជំនន់នោះទេ។ កម្មវិធីទាំងពីរនេះ មានការគណនាថវិកាផ្សេងគ្នា ហើយរយៈពេលបើកថវិកាក៏ផ្សេងគ្នាផងដែរ។ ជាក់ស្ដែងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូន គ្រួសាររងគ្រោះដោយសារទឹកជំនន់ បើកសាច់ប្រាក់រៀងរាល់ខែ រីឯកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសាររងសម្ពាធអតិផរណា គឺមានគម្លាតនៃការបើកថវិកាវែងជាង ដោយការបើកលើកទី ១ ធ្វើឡើងនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២២ ការបើកលើកទី ២ នៅថ្ងៃទី ១០ ខែមេសា ២០២៣ និងការបើកលើកទី ៣ ថ្ងៃទី ១០ ខែ កក្កដា ២០២៣។
ឯកឧត្តម ឈួរ សុបញ្ញា បញ្ជាក់បន្ថែមថា ការបើកសាច់ប្រាក់នេះ គឺគ្រួសារទទួលផលទាំងអស់ ត្រូវទៅបើកថវិកានៅភ្នាក់ងារវីងដដែល តែត្រូវប្រើប្រាស់លេខគណនី និងលេខកូដថ្មី ដែលនឹងមានការផ្ដល់ជូនដោយអាជ្ញាធរតាមមូលដ្ឋាននាពេលខាងមុខ។
គួរបញ្ជាក់ដែរថា សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសាររងគ្រោះដោយសារទឹកជំនន់ ដែលត្រូវបានបិទបញ្ចប់នេះ គឺរាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាជាង ៤៦ពាន់លានរៀល ក្នុងរយៈពេល៣ខែ សម្រាប់គ្រួសារចំនួនជិត១០ម៉ឺនគ្រួសារ៕អត្ថបទ៖ គឹមហុក