ភ្នំពេញ៖ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន សម្រចបានទឹកប្រាក់ប្រមាណ ១,៧ប៊ីលានដុល្លារ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៣នេះ ស្របពេលដែលប្រមុខរដ្ឋាភិបាលទាំងពីរ ជំរុញកំណើននៃការដោះដូរពាណិជកម្ម និងវិនិយោគ នៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បង្ហាញថា ក្នុងរយៈពេលខែមករា ដល់ខែកុម្ភៈ ទំហំនៃការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសចិន បានធ្លាក់ចុះប្រមាណ ១៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ទំនិញកសិផល កម្ពុជានាំចេញទៅចិនបាន មានដូចជា ដំឡូង ស្វាយ ចេក អង្ករ ជាទំនិញដែលអាចនាំចេញបាន។
ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មទេ្វភាគីកម្ពុជា ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នឹងផ្តល់សម្ទុះនៃការនាំចេញកសិផលកម្ពុជា ចូលទីផ្សារប្រទេសចិនកាន់តែច្រើន ។
ឯកឧត្តម បន្តថា កិច្ចព្រមព្រៀង FTA និងRCEP មិនត្រឹមតែបើកទីផ្សារកាន់តែធំសម្រាប់ទំនិញផលិតនៅកម្ពុជាចូលទីផ្សារប្រទេសចិនកាន់តែច្រើននោះទេ ប៉ុន្តែថែមទាំងទាក់ទាញវិនិយោគពីប្រទេសចិនចូលមកបណ្តាក់ទុនវិនិយោគ នៅកម្ពុជាផងដែរ។
កម្ពុជា និងចិន បានប្រកាសបើកព្រឹត្តិការណ៍ “ឆ្នាំមិត្តភាពកម្ពុជា-ចិន” ក្នុងឆ្នាំ២០២៣នេះ ដើម្បីអបអរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត ឆ្នាំមិត្តភាពឆ្ពោះទៅយុគសម័យថ្មី នៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ដើម្បីបន្តថែរក្សាទំនាក់ទំនងមិត្តភាពដែកថែប ដែលជារតនសម្បត្តិដ៏មានតម្លៃបំផុត គ្រប់ជំនាន់។
ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថា ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានផ្តល់ឪកាសច្រើនសម្រាប់ទាក់ទាញវិនិយោគ បើកទីផ្សារសម្រាប់ផលិតផលកម្ពុជា។
ឧកញ៉ា លឹម ហេង ថ្លែងថា កិច្ចព្រមព្រៀង FTAរវាងកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ជាកាតាលីករ ជំរុញឱ្យទំនាក់ទំនងរវាងកម្ពុជាចិន លើវិស័យពាណិជ្ជកម្ម និងវិនិយោគ ជាពិសេស បានទាក់ទាញវិនិយោគិនចិនចូលមកកម្ពុជា៕ អត្ថបទ៖ វណ្ណៈ



