គុនចម្រុះ៖ រហូតមកទល់ពេលនេះមានរយៈពេលជាង ១ខែកន្លះហើយដែលកីឡាករ ចាន់ រតនា បានប្រកាសផ្អាកដំណើរក្លិបសិល្បៈរបស់ខ្លួនជាបណ្ដោះអាសន្ន ដោយសារខ្វះខាតចំណូលដើម្បីទប់ទល់ការចំណាយលើផ្ទះជួល អំឡុងការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩។ ប៉ុន្តែអ្នកលេងគុនចម្រុះដ៏ល្បីឈ្មោះរបស់កម្ពុជារូបនេះបានបង្ហើបថា បន្ទាប់ពីស្ថានភាពជំងឺដ៏កាចសាហាវនេះធូរស្រាល ខ្លួនគ្រោងបើកដំណើរការក្លិបឡើងវិញចំនួន ២ទីតាំងតែម្ដង។ ថ្លែងប្រាប់ក្រុមការងារ BTV នៅថ្ងៃទី២៩ ខែមេសានេះ រតនា បានបញ្ជាក់ថា ខ្លួនបានផ្លាស់ប្ដូរផ្ទះជួលដែលខ្លួនបើកក្លិបនៅសង្កាត់បឹងទំពន់១ រួចរាល់ហើយ ដោយប្ដូរទៅរស់នៅចាក់អង្រែវិញ ហើយលោកបានរៀបចំកន្លែងហាត់មួយលើដំបូលផ្ទះ ដើម្បីហ្វឹកហាត់ផ្ទាល់ខ្លួន។ ចំពោះការបើកដំណើរការក្លិបឡើងវិញ លោករង់ចាំដល់ជំងឺកូវីដ-១៩ ធូរស្រាលសិន ហើយលោកអាចនឹងបើក ២ទីតាំងដើម្បីសម្រួលការបង្ហាត់ដល់កូនសិស្សរបស់ខ្លួនទៀតផង។ គួរដឹងថា មកទល់ពេលនេះ ចាន់ រតនា ពុំទាន់មានលំនៅឋានផ្ទាល់ខ្លួននោះទេ ខណៈផ្ទះជួលថ្មីដែលគេទើបផ្លាស់ប្ដូរទៅចាក់អង្រែគឺមានតម្លៃ ៣០០ដុល្លារក្នុង ១ខែ ដែលទាបជាងពាក់កណ្ដាល បើធៀបនឹងតម្លៃផ្ទះជួលចាស់នៅសង្កាត់បឹងទំពន់១។
រតនា ធ្លាប់បង្ហើបប្រាប់ក្រុមការងារ BTV-News បច្ចុប្បន្នកំពុងខិតខំប្រឹងប្រែងជាខ្លាំង ដើម្បីសម្រេចក្ដីស្រម៉ៃធំមួយគឺការមានលំនៅដ្ឋាន ដើម្បីបើកក្លិបផ្ទាល់ខ្លួនមុននឹងគេចូលនិវត្តន៍អាជីពលើសង្វៀនមួយនេះ។ ចាន់ រតនា គឺជាកីឡាករគុនចម្រុះដ៏លេចធ្លោមួយរូបរបស់កម្ពុជា ដែលតែងបង្ហាញវត្តមានលើសង្វៀន ONE Championship ខណៈប្រកួតចុងក្រោយកាលពីចុងឆ្នាំ២០២០ កន្លងទៅ គេបានប្រកួតចាញ់កីឡាករចិន Xie Wei ក្នុងព្រឹត្តិការណ៍ ONE: COLLISION COURSE នៅប្រទេសសិង្ហបុរីនៅក្នុងទឹកដីទី៣។ រតនា ធ្លាប់លើសង្វៀនលំដាប់ពិភពលោកនេះ ១១លើកឈ្នះ៣ និងចាញ់ ៨ដង៕
អត្ថបទ៖ លី ឈុនឡា