វាយកូនបាល់៖ កីឡាករវាយកូនបាល់លេខ ១ របស់អង់គ្លេស Cameron Norrie បានវាយបកពីក្រោយដើម្បីយកឈ្នះកីឡាករជប៉ុន Taro Daniel ឡើងវគ្គ ១៦នាក់ចុងក្រោយ Indian Wells។

Cameron Norrie ត្រូវបាន Taro Daniel យកឈ្នះសិតដំបូង ៧-៦(៧-៥) ហើយសិតទី២ Daniel នាំមុខ ៤-១ ទៅហើយមុនពេលដែលជើងឯកឆ្នាំ២០២១ រូបនេះតាមពីក្រោយវិញយកឈ្នះ ៧-៥ និងយកឈ្នះនៅសិតកាត់សេចក្តី ៦-២ ទៀត។ កីឡាករលំដាប់លេខ ១២ ពិភពលោក Cameron Norrie នៅពេលនេះឈ្នះសរុប ២០ប្រកួតហើយក្នុងឆ្នាំ២០២៣ នេះបូករួមទាំងឈ្នះជើងឯក Rio Open ខែមុនដែលយកឈ្នះកីឡាករអេស្ប៉ាញ Carlos Alcaraz ផងដែរ។ ជុំបន្ត Cameron Norrie នឹងត្រូវជួបជាមួយកីឡាកររុស្ស៊ី Andrey Rublev រឺកីឡាករបារាំង Ugo Humbert។
ងាកមកលទ្ធផលផ្សេងទៀតកីឡាករលំដាប់លេខ ២ ពិភពលោក Carlos Alcaraz បានយកឈ្នះកីឡាករអូស្ត្រាលី Thanasi Kokkinakis ៦-៣ និង ៦-៣ ដើម្បីបន្តជួបជាមួយកីឡាករហូឡង់ Tallon Griekspoor។ កីឡាករវ័យ ១៩ឆ្នាំ Carlos Alcaraz នឹងអាចយកតំណែងលេខ ១ ពិភពលោកមកវិញប្រសិនឈ្នះជើងឯកនៅ Indian Wells នេះ ស្របពេលដែល Novak Djokovic មិនមានមុខនៅព្រឹត្តិការណ៍នេះឡើយដោយសារបញ្ហាទិដ្ឋាការ៕
អត្ថបទ៖នាង សុភាវុធ