ចិន៖ ប្រធានាធិបតីចិនលោក Xi Jinping នៅថ្ងៃចន្ទនេះបានបញ្ជាក់លើតម្រូវការ ក្នុងការពង្រឹងសន្តិសុខជាតិនៅក្នុងសុន្ទរកថាដំបូងរបស់លោក ចាប់តាំងពីត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីរបស់ប្រទេស សម្រាប់អាណត្តិទី៣ ជាប្រវត្តិសាស្ត្រ។

លោក Xi បានក្លាយជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសចិនកាលពីសប្តាហ៍មុន ខណៈលោកត្រូវបានជាប់ឆ្នោតជាថ្មីទៀតសម្រាប់រយៈពេល ៥ឆ្នាំក្នុងការគ្រប់គ្រងប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោក។ លោក Xi ដែលមានអាយុ ៦៩ឆ្នាំនៅថ្ងៃចន្ទនេះបានថ្លែងអំណរគុណដល់គណៈប្រតិភូរាប់ពាន់នាក់ នៅក្នុងមហាសាលប្រជាជនក្នុងទីក្រុងប៉េកាំង ដែលបានបោះឆ្នោតឲ្យលោកសម្រាប់អាណត្តិទីបីដោយប្តេជ្ញាថា យកតម្រូវការរបស់ប្រទេសជាបេសកកម្មរបស់លោក និងផលប្រយោជន៍របស់ប្រជាជនជាវិធានការរបស់លោក។
លោក Xi បានថ្លែងទៅកាន់គណៈប្រតិភូថា សន្តិសុខគឺជាមូលដ្ឋាននៃការអភិវឌ្ឍន៍ ខណៈស្ថិរភាពគឺជាតម្រូវការជាមុនសម្រាប់ភាពរីចម្រើន។ យើងត្រូវតែជំរុញពេញលេញនូវទំនើបភាវូបនីយកម្មនៃវិស័យការពារជាតិ និងកងកម្លាំងប្រដាប់អាវុធ ហើយកសាងកងកម្លាំងប្រដាប់អាវុធរបស់ប្រជាជនទៅជាមហាកំផែងដែក ដែលការពារប្រកបដោយប្រសិទ្ធភាពនូវអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍។ លោក Xi ក៏បានអំពាវនាវឱ្យមានស្ថិរភាពបង្រួបបង្រួមនៅក្នុងទីក្រុងហុងកុង និងការបង្រួបបង្រួមជាមួយកោះតៃវ៉ាន់ជាកោះស្វ័យការពារ ដែលទីក្រុងប៉េកាំងចាត់ទុកថាជាផ្នែកនៃទឹកដីរបស់ខ្លួន៕
អត្ថបទ៖ ប៊ុនថន