កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង, លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង, និងថ្នាក់ដឹកនាំថ្នាក់ជាតិ ខេត្ត និងក្រុងកំពង់ឆ្នាំង បានយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសាររងគ្រោះដោយអគ្គីភ័យ ដែលបានឆាបឆេះកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នៅចំណុចទំនប់បារាំង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
ក្នុងពេលចុះជួបជាមួយប្រជាពលរដ្ឋនោះ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន បានអោយដឹងថា៖ នៅថ្ងៃនេះ ឯកឧត្តម និងក្រុមការងារ សូមចូលរួមរំលែកទុក្ខក្នុងន័យសោកស្ដាយជាពន់ពេក ចំពោះក្រុមគ្រួសាររងគ្រោះទាំងអស់ ដែលបានបាត់បង់ទ្រព្យសម្បត្តិក្នុងអគ្គីភ័យកាលពីម្សិលមិញ ហើយគ្រោះថ្នាក់នេះ គឺមិនបានដឹងមុននោះឡើយ ។ ឯកឧត្តមបានផ្ដាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវគិតគូរថែទាំសុខភាពអោយបានល្អ ដោយរស់នៅត្រូវមានអនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគអាហាររូបត្ថម្ភឱ្យបានត្រឹមត្រូវ ។ រាល់ការធ្វើដំណើរទៅទីណាកន្លែងណា ទោះជិតឬឆ្ងាយ សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីជៀសវាងពីការគ្រោះថ្នាក់ផ្សេង ជាពិសេសត្រូវថែសុខភាពកុំអោយឆ្លងជម្ងឺកូវីដ-១៩។ ចំពោះអំណោយមនុស្សធម៌ ដែលបានផ្តល់ជូននាពេលនេះ បើទោះជាមិនអាចទំនុកបំរុងគ្រប់គ្រាន់បានពេលយូរ តែក៏អាចដោះទាល់បានមួយគ្រាដែរ ហើយបងប្អូនត្រូវខិតខំរកស៊ី និងធ្វើការងារបន្តទៀត។
គ្រោះថ្នាក់ភ្លើងឆេះផ្ទះនៅក្នុងភូមិផ្សារឆ្នាំងកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ បានបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋអស់ចំនួន២៥ខ្នង តូបលក់ដូរ៦តូប និងមានគ្រួសាររងគ្រោះទាំងអស់ចំនួន៤៥គ្រួសារ ។ មូលហេតុនៃការឆាបឆេះនេះ គឺបណ្តាលមកពីការឆ្អើត្រីដែលមានការធ្វេសប្រហែសពីម្ចាស់ផ្ទះមួយក្នុងចំណោមផ្ទះឆេះទាំង២៥។ ដោយឡែកកម្លាំងនគរបាលដែលជួយអន្តរាគមន៍វិញ មានចំនួន២០០នាក់ និងបានប្រើប្រាស់ទឹកអស់ប្រមាណជិត២០០ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បាន៕ ដោយ ៖ ហុង វាស្នា








