ភ្នំពេញ៖ ឧត្ដមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិតំណាងឧត្ដមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ បានអំពាវនាវដល់ភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវជួយផ្សព្វផ្សាយបន្តនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ឲ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីសំដៅកាត់បន្ថយបទល្មើសក្នុងមូលដ្ឋាន។
ការលើកឡើងរបស់ឯកឧត្ដមឧត្ដមសេនីយ៍រូបនេះ គឺបានធ្វើឡើងនៅក្នុងកម្មវិធីបិទវគ្គបណ្ដុះបណ្ដាល បំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជនលើកទី៩ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដែលមានការចូលរួមពីតំណាងក្រុមហ៊ុនសន្តិសុខឯកជាង ១៥០នាក់។ បើតាមឧត្ដមសេនីយ៍ឯក លឹម សុខារស្មី ក្រុមហ៊ុនសន្តិសុខទាំងអស់ត្រូវតែជ្រាបគ្រប់គ្នាថា សន្តិសុខឯកជនពុំមែនមានតួនាទីត្រឹមតែជាអ្នកការពារ ទ្រព្យសម្បត្តិឯកជន ឬក៏សហគ្រាសគ្រឹះស្ថានឯកជនប៉ុណ្ណោះទេ តែក៏មានកាតព្វកិច្ចចូលរួមការពារសាធារណៈ សន្តិសុខសង្គម និងអាយុជីវិតរបស់ប្រជាពលរដ្ឋផងដែរ ជាពិសេសមានតួនាទីជាកម្លាំងជំនួយដ៏សំខាន់ ដល់អាជ្ញាធរមានសមត្ថកិច្ច។ ឯកឧត្ដមបានបន្តទៀតថា ប្រទេសកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឲ្យប្រទេសជាតិយើងទទួលបានសុខសន្តិភាពស្ថិរភាពសង្គម។ ហេតុនេះបានធ្វើឲ្យទាក់ទាញអ្នកវិនិយោគជាច្រើន មកបណ្ដាក់ទន់ស្ទើរគ្រប់វិស័យក្នុងនោះវិស័យសន្តិសុខឯកជន គឺជាវិស័យដ៏សំខាន់មួយដែលត្រូវចូលរួមចំណែកយ៉ាងសកម្ម ក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ទ្រព្យសម្បត្តិ សុវត្ថិភាព អាយុជីវិត ជូនប្រជាពលរដ្ឋ អ្នកវិនិយោគ ភ្ញៀវទេសចរជាតិ និងអន្តរជាតិផង។
ហេតុដូច្នេះហើយទើបរាជរដ្ឋាភិបាល ជាពិសេសក្រសួងមហាផ្ទៃតែងតែយកចិត្តទុកដាក់ជំរុញ និងលើកទឹកចិត្តដល់វិស័យសន្តិសុខឯកជននៅក្នុងប្រទេសកម្ពុជា ឲ្យទទួលបានទំនុកចិត្តក្នុងការប្រកបអាជីវកម្មរបស់ខ្លួន ដោយសុខស្ថិរភាព និងនិត្យានុកូលភាព។ ជាក់ស្តែករាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជនកាលពីឆ្នាំ២០១៦ កន្លងទៅនេះគឺដើម្បីគ្រប់គ្រង គាំពារសហការ និងផ្ដល់និត្យានុកូលភាពដល់ក្រុមហ៊ុនផ្ដល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាន ដែលប្រើប្រាស់សន្តិសុខឯកជនទូទាំងប្រទេសកម្ពុជា។ ឯកឧត្ដមបានបន្តទៀតថា ស្ដែងចេញពីការយកចិត្តទុកដាក់នេះហើយ ទើបធ្វើឲ្យយើងទាំងអស់គ្នាបានជួបជុំគ្នានៅទីនេះ ក្នុងពិធីបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជននាឱកាសនេះ។ ដោយយោងតាមស្មារតីសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ និងពិនិត្យឃើញថា ភ្នាក់ងារសន្តិសុខឯកជនបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ទ្រព្យសម្បត្តិសុវត្ថិភាព អាយុជីវិត ជូនប្រជាពករដ្ឋ អ្នកវិនិយោគភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
យ៉ាងណាក៏ដោយឯកឧត្ដមបានបានបញ្ជាក់ថា ការបើកវគ្គបណ្ដុះបណ្ដាលនេះ គឺមិនមែនមើលងាយសមត្ថភាពដល់បងប្អូន ដែលជាសន្តិសុខឯកជននោះទេ គឺធ្វើឡើងដើម្បីបង្កើនសមត្ថភាពដល់ពួកគេ បន្ថែមទៀតទាំងជំនាញការពារ និងគ្រប់គ្រងស្ថានភាពផ្សេងដែលកើតឡើង ដោយយថាហេតុណាមួយ៕



