ភ្នំពេញ ៖ មានការកត់សម្គាល់ឃើញថា នៅចំណុចស្តុបថៃហ្គ័រ ដែលស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ គឺតែងឧហ្សាហ៍កើតមាននូវគ្រោះថ្នាក់ក្រឡាប់រថយន្តធុនធំជាញឹកញ៉ាប់ណាស់ ពិសេសត្រង់ចំណុចការធ្វើដំណើរពីផ្លូវជាតិលេខ១ បត់ចូលទៅកាន់ច្រកផ្លូវថៃហ្គ័រ តែម្តង ។
ជាក់ស្តែង នៅវេលាម៉ោង១៥ និង១០នាទីរសៀលថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៣នេះ មានករណីរថយន្តដឹកទំនិញមួយគ្រឿង បើកបរក្នុងល្បឿនលឿន មិនប្រយ័ត្នបណ្តាលអោយក្រឡាប់ផ្ញារជើងត្រង់ចំណុចស្តុបខាងលើ តែសំណាងល្អដែលមិនបណ្តាលអោយមនុស្សណាម្នាក់រងរបួស ។
ជុំវិញវិញករណីនេះដែរ តាមប្រភពព័ត៌មាន អោយដឹងថា រថយន្តដឹកទំនិញខាងលើ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-4888 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ពោលពីកៀនស្វាយចូលទៅរាជធានីភ្នំពេញ ។ លុះដល់ចំណុចស្តុបកើតហេតុ រថយន្តបានបួងចង្កូតបត់ឡើងទៅផ្លូវថៃហ្គ័រ ប៉ុន្តែដោយសារមិនបានបង្អង់ល្បឿន បណ្តាលអោយរថយន្តដួលក្រឡាប់លើដងផ្លូវតែម្តង ។ ក្នុងករណីនេះ ក៏មិនមានបណ្តាលអោយខូចខាតដល់ទ្រព្យសម្បត្តិសាធារណះផងដែរ ដូច្នោះហើយ ក្រោយកើតហេតុ សមត្ថកិច្ចសម្រេចអនុញ្ញាត្តិអោយម្ចាស់ក្រុមហ៊ុនរបស់រថយន្តខាងលើ ទាក់ទងហៅរថយន្តស្ទូច ស្ទូចចេញវិញដោយខ្លួនឯង ។
អ្វីដែលជាការសម្គាល់នោះ គឺនៅចំណុចស្តុបថៃហ្គ័រនេះ តែងតែកើតមានគ្រោះថ្នាក់បែបនេះជារឿយៗ ហើយក៏នៅចំណុចដដែលខាងលើនេះផងដែរ ដោយសារតែកត្តាបើកបររថយន្តក្រុមអ្នកបើកបររថយន្តដឹកទំនិញ ឬកុងតឺន័រធុនធំមួយចំនួនបើកបរលឿន ខ្វះការប្រុងប្រយ័ត្ន មិនបង្អង់ល្បឿនពេលដល់ចំណុចស្តុប ទើបតែឧស្សាហ៍អោយកើតមានការក្រឡប់ជាបន្តបន្ទាប់រហូតនោះ ។ ហើយកន្លងទៅករណីដែលបានកើតឡើង ក៏សំណាងហើយ ដែលមិនក្រឡាប់ជ្រុលទៅបោកផ្ទប់នឹងម៉ូតូ ឬយានយន្តរបស់ពលរដ្ឋអ្នកដំណើរដទៃ ប្រសិនបើមានអ្នកត្រូវប៉ះទង្គិចវិញ តើប្រឈមខ្ពស់យ៉ាងណាដល់ការបង្កគ្រោះថ្នាក់ដែលបណ្តាលរងរបួស ឬស្លាប់បាត់បង់ជីវិតជាដើមនោះ ៕ ដោយ ៖ លីហេង



