ភ្នំពេញ ៖ បុរសម្នាក់ បានបើករថយន្តកាមរីបាឡែនមួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលរេចង្កូតទៅបុកផ្ទប់នឹងបង្គោលភ្លើងរដ្ឋមួយដើមពេញទំហឹងតែម្តង បង្កអោយមានការភ្ញាក់ផ្អើលជាខ្លាំងកាលពីវេលាម៉ោង២០ និង៣០នាទីយប់ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជួរមាត់ទន្លេ ក្បែរសាលាសង្កាត់ជ្រោយចង្វា ក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានអោយដឹងថា ដំបូងឡើយ គេសង្គេតឃើញរថយន្តបង្កហេតុខាងលើ ពណ៌ស្ករ ពាក់ស្លាកលេខស្វាយរៀង 2A-9568 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវខាងលើ ក្នុងទិសដៅពីត្បូងទៅជើង និងក្នុងល្បឿនលឿន ។ លុះដល់ចំណុចកើតហេតុ រថយន្តក៏បានរេចង្កូតទៅបុកផ្ទប់នឹងបង្គោលភ្លើងថ្មរបស់រដ្ឋមួយដើមពេញទំហឹងតែម្តង បណ្តាលអោយរថយន្តត្រូវរងការខូចខាតថ្ពាល់ខាងឆ្វេងធ្ងន់ធ្ងរ ហើយបង្គោលភ្លើងក៏រងការខូចខាតផងដែរ ។
ភ្លាមៗនោះ បុរសជាអ្នកបើករថយន្ត បានបើកទ្វាររថយន្ត ហើយរត់គេចខ្លួនពីកន្លែងកើតហេតុតែម្តង ។ក្រោយកើតហេតុ កម្លាំងនគរបាលមូលដ្ឋាន សហការជាមួយនគរបាលជំនាញ បានចុះអន្តរាគមន៍ធ្វើការវាស់វែង ស្ទូចយករថយន្តបង្កហេតុខាងលើ យកទៅរក្សាទុកនៅការិយាល័យ នគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ ៕ ដោយ ៖ លីហេង





