ពោធិ៍សាត់៖ ប្រសាសន៍សំខាន់ៗរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការដោះស្រាយផលប៉ះពាល់ នៃការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ បានធ្ចើឡើងស្តង់ដាតែមួយ ជាមួយប្រជាពលរដ្ឋនៅតំបន់ទំនប់វារីអគ្គិសនីសេសានក្រោម២ ដើម្បីភាពល្អប្រសើរ នៃការរស់របស់ប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីវឌ្ឍនភាព នៃដំណើរចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា ដែលធ្វើឱ្យយើងអាចគ្រប់ស្ថានភាពកូវីដ-១៩ បានយ៉ាងល្អប្រសើរ ខណៈដែលរយៈពេលប៉ុន្មានថ្ងៃមកនេះ មិនមានការករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ទេ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មុននឹងនិយាយពីសិទ្ធិអ្វីៗ យើងត្រូវគិតដល់សិទ្ធិ នៃរស់រានមានជីវិតជាមុនសិន។ សម្តេចបញ្ជាក់ថា «បើខ្លួនស្លាប់ហើយ សិទ្ធិអ្វីក៏នឹងត្រូវចប់ដូចគ្នា»។
សម្ដេចតេជោ មានប្រសាសន៍ថា អ្នកខ្លះចូលចិត្តណាស់និយាយពីសិទ្ធិមនុស្ស ប៉ុន្ដែមិនបានគិតទេពីសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋ។ សម្ដេចបញ្ជាក់ថា « ដូច្នេះរាជរដ្ឋាភិបាលត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានជីវិតគង់វង្ស»។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា វារីអគ្គិសនី នៅតែជាជំរើសល្អមួយ ក្នុងចំណោមជម្រើសនានាដើម្បីទាញយកថាមពលអគ្គិសនី ខណៈដែលប្រទេសមួយចំនួននៅកំពុងប្រើប្រាស់ធ្យូងថ្ម ដើម្បីផលិតថាមពលអគ្គិសនីនៅឡើយទេ។
សម្ដេចតេជោ បញ្ជាក់ថា ឥឡូវនេះ នៅទូទាំងប្រទេសភូមិដែលបានភ្ជាប់ជាមួយបណ្ដាញអគ្គិសនីជាតិមានចំនួនទៅដល់ ៩៩ ភាគរយហើយ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម័យនេះ គឺសម័យប្រើអគ្គិសនី មិនមែនសម័យប្រើចង្កៀង ឬចម្លុះទៀតនោះទេ ដូច្នេះរដ្ឋាភិបាលត្រូវស្វែងរកដំណោះស្រាយផ្ដល់អគ្គិសនីដល់ប្រជាពលរដ្ឋ ប៉ុន្ដែការដោះស្រាយនេះ គឺត្រូវដោះស្រាយផលប៉ះពាល់ផ្សេងៗ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការប្រើប្រាស់ថាមពលអគ្គិសនី គឺត្រូវគួបផ្សំផ្នែកវារីអគ្គិសនី បូករួមជាមួយផ្នែកដ៏ទៃទៀតដែលទទួលបានពីពន្លឺព្រះអាទិត្យ ដែលនេះជាផ្នែកមួយក្នុងការដោះស្រាយបញ្ហាអគ្គិសនី និងការផ្ដល់អគ្គិសនីដល់ប្រជាពលរដ្ឋ ដោយប្រើប្រាស់ថាមពលកកើតឡើងវិញ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា អគ្គិសនីមិនមែនត្រឹមតែជាតម្រូវការចាំបាច់ នៃការប្រើប្រាស់ប្រចាំថ្ងៃនោះទេ ក៏ប៉ុន្តែក៏ជាតម្រូវធំផ្នែកឧស្សាហកម្មជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ ក្នុងនោះក៏បូករួមវិស័យទេសចរណ៍ ព្រោះសម័យនេះមិនមែនជាសម័យទេសបក់ផ្លិតទៀតទេ ជាសម័យសម័យដេកសណ្ឋាគារ បើកម៉ាស៊ីនត្រជាក់។
សម្ដេចតេជោ បច្ចុប្បន្ននៅមូលដ្ឋានរាជធានីភ្នំពេញមួយ មានតម្រូវការប្រើប្រាស់អគ្គិសនីជាង ១ ពាន់មេកាវ៉ាត់ ដែលកាលពីមុនមានតម្រូវការត្រឹម ៣០ មេកាវ៉ាត់។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កត្តាតម្រូវការអគ្គិសនីនេះ គឺតម្រូវឱ្យរាជរដ្ឋាភិបាលស្វែងរកដំណោះស្រាយ ដើម្បីផ្ដល់អគ្គិសនីដល់ប្រជាពលរដ្ឋប្រើប្រាស់ ស្របពេលការកើនឡើងនៃការប្រើប្រាស់អគ្គិសនីនេះ គឺបានបង្ហាញកំណើន ការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ចំពោះអ្នកកែសម្ផស្ស បើសម័យពតកើតឡើងវិញ គឺស្លាប់មុនគេហើយ។ សម្តេចបន្តថា ទោះកែ ឬមិនកែ នាសម័យនេះជាសិទ្ធិរបស់ប្រជាពលរដ្ឋម្នាក់ៗ តែក៏ត្រូវគិតគូរដល់ហានិភ័យ នៃសុខភាពខ្លួនឯងផងដែរ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា នៅតំបន់អឺរ៉ុបកំពុងខ្វះខាតថាមពលប្រើប្រាស់ ដែលបណ្តាលមកពីឥទ្ធិពល នៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ សម្តេចបន្តថា ប្រជាជនអឺរ៉ុបបានប្រើប្រាស់អុសដើម្បីចម្អិនម្ហូបអាហារ និងកម្តៅ ខណៈដែលផ្សារទំនើបនានានៅតំបន់អឺរ៉ុបបានដាក់តាំងលក់អុសជាហូរហែរ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា រឿងបញ្ហាអគ្គិសនីនេះ រាជរដ្ឋាភិបាលបានខិតខំដោះស្រាយខ្លាំងណាស់ ដែលបច្ចុប្បន្នអគ្គិសនីនៅកម្ពុជាជាង ៦២ ភាគរយជាប្រភពអគ្គិសនីកកើតឡើងវិញ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា អគ្គិសនីនៅអឺរ៉ុបឡើងថ្លៃអស់ហើយ ដោយសារតែប្រទេសអឺរ៉ុបមួយចំនួន ដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី និងអឺរ៉ុបមួយចំនួនមិនទិញឧស្ម័នពីរុស្ស៊ី ហើយបែរមកប្រើធ្យូងថ្ម និងអុស ជំនួសអគ្គិសនីទៅវិញ និងបានចាប់ផ្ដើមប្រើប្រាស់ធ្យូងថ្មឡើងវិញ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា នៅកម្ពុជាមានប្រភេទ ដំណាំឆ្លងកាត់ និងដំណាំយុទ្ធសា្រស្រ្ដ ដូច្នេះនៅកម្ពុជាសម្ដេចចង់ធ្វើឱ្យប្រទេសកម្ពុជា ក្លាយទៅជា «ប្រទេសអធិរាជស្វាយចន្ទី» តែម្ដង ខណៈបច្ចុប្បន្ននេះកម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានមួយលានមួយសែនប្រាំបីម៉ឺនតោន ក្នុង១ឆ្នាំ។
សម្ដេចតេជោ ហ៊ុន សែន ចង់ឱ្យតំបន់ស្ទឹងពោធិ៍សាត់១ ក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញនាពេលខាងមុខ តាមរយៈការសាងសង់រម្មណីយដ្ឋាន និងកន្លែងស្នាក់នៅ រីស្សត ជាដើម ដែលការអភិវឌ្ឍនេះ គឺជាផ្លែផ្កានៃសន្ដិភាពរបស់កម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ឥឡូវប្រទេសជិតខាងកម្ពុជា អគ្គិសនីបានឡើងថ្លៃគ្រប់គ្នា ប៉ុន្ដែប្រទេសកម្ពុជា មិនបានឡើងថ្លៃទេ ដោយសាររាជរដ្ឋាភិបាលបានគិតគូរពីកត្តាជីវភាពរបស់ប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុង១ខែ រដ្ឋត្រូវបញ្ចេញថវិកពី ៤០-៥០ លានដុល្លារ ដើម្បីដោះស្រាយដល់ប្រជាពលរដ្ឋដែលរងគ្រោះងាយរងគ្រោះ និងស្រ្ដីក្រីក្រដែលមានផ្ទៃពោះជាដើម ខណៈបច្ចុប្បន្នសម្ដេចតេជោ បានឱ្យបន្ថែមថវិកា លើកម្មវិធីឧបត្ថម្ភថវិកាដល់ស្រ្ដីក្រីក្រមានផ្ទៃពោះ ចាប់ពីមានផ្ទៃពោះរហូតដល់កូនមានអាយុ ២ ឆ្នាំបន្ថែមទៀត។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា Channel Telegram របស់សម្ដេច https://t.me/spmhunsen នឹងចាក់ផ្សាយ ភាពយន្តភាគ «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» ជូនដល់បងប្អូនប្រជាពលរដ្ឋបានទស្សនា ព្រមគ្នាជាមួយនឹងការចាក់ផ្សាយនៅលើ ទូរទស្សន៍បាយ័ន១គត់ ក្នុងពេលឆាប់ៗនេះ៕









