បាល់ទាត់៖ ក្រុមជើងឯក Premier League, Manchester City នឹងត្រូវបើកទ្វារផ្ទះទទួលស្វាគមន៍ក្រុមអាល្លឺម៉ង់ Leipzig រាត្រីនេះជើងទី ២ វគ្គ ១៦ ក្រុមចុងក្រោយ UEFA Champions League បន្ទាប់ពីជើងទី ១ ស្មើគ្នានៅទឹកដីអាល្លឺម៉ង់ ១-១។

អ្នកចាត់ការ Pep Guardiola ទទួលស្គាល់ថា បើ Manchester City មិនទាន់ឈ្នះជើងឯក UEFA Champions League អាជីពរបស់លោកនៅ Etihad នៅតែមានសំពាធគ្រប់ពេល។ ដោយឡែកសម្រាប់អ្នកវិភាគអតីតខ្សែ Blackburn លោក Chris Sutton ថា UCL រដូវកាលនេះហាក់ដូចជាបើកចំហរកក្រុមបេក្ខភាពឈានមុខគេមិនឃើញ មានន័យថាក្រុមទាំងអស់គឺប្រហាក់ប្រហែលគ្នា ហើយពួកគេសុទ្ធតែមិនស្ថិតនៅចំណុចកំពូលនៃទម្រង់លេងបូករួមទាំង Manchester City ផងដែរ លើកលែងតែ Napoli ដែលគេឃើញថាលេចធ្លោជាងគេនៅលីគក្នុងស្រុក តែពួកគេខ្វះបទពិសោធនៅអឺរ៉ុប។
Bayern Munich, Chelsea, AC Milan និង Benfica សុទ្ធតែបានកក់កៅអីនៅវគ្គ ៨ក្រុមរួចរាល់ស្របពេលដែល ៤ក្រុមទៀតនឹងរកឃើញក្នុងសប្តាហ៍នេះ។ សម្រាប់ Manchester City តាំងពីតែងតាំងលោក Pep Guardiola ឱ្យដឹកនាំនៅឆ្នាំ២០១៦ City ពានឈ្នះសំខាន់ៗសរុប ៩ ហើយលើកលែងតែ UEFA Champions League។ ការប៉ុនប៉ងរបស់ Manchester City នៅ UCL កៀកបំផុតនោះគឺឡើងដល់វគ្គផ្តាច់ព្រ័ត្រម្តងកាលពីឆ្នាំ២០២១ តែចាញ់ក្រុមរួមលីគ Chelsea នៅវគ្គផ្តាច់ព្រ័ត្រ ១-០៕
អត្ថបទ៖នាង សុភាវុធ