អាមេរិក៖ មេដឹកនាំសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលីបានបង្ហាញផែនការលម្អិតថ្មីរបស់ខ្លួន ក្នុងការបង្កើតកងនាវាជើងទឹកនៃនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរជំនាន់ថ្មី។ ក្រោមកិច្ចព្រមព្រៀងអាគូស (Aukus agreement) ប្រទេសអូស្ត្រាលីនឹងទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរយ៉ាងហោចណាស់ ៣គ្រឿងពីសហរដ្ឋអាមេរិក។

សម្ព័ន្ធមិត្តទាំងនេះក៏នឹងធ្វើការរួមគ្នាផងដែរ ដើម្បីបង្កើតកងនាវាជើងទឹកថ្មីដោយប្រើបច្ចេកវិទ្យាទំនើប រួមទាំងម៉ាស៊ីនរ៉េអាក់ទ័រផលិតឡើងដោយក្រុមហ៊ុនផលិតរថយន្តទំនើប Rolls-Royce នៅអង់គ្លេស។ សន្ធិសញ្ញានេះមានគោលបំណងទប់ឥទ្ធិពលនៃការរីកចម្រើនខ្លាំងរបស់ប្រទេសចិន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ថ្លែងជាមួយបណ្ដាមេដឹកនាំផ្សេងទៀតនៅក្នុងទីក្រុង San Diego រដ្ឋ California ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានសង្កត់ធ្ងន់ថា នាវាទាំងនោះនឹងមិនមានផ្ទុកអាវុធនុយក្លេអ៊ែរទេ ហើយនឹងមិនបង្កគ្រោះថ្នាក់ដល់ការប្ដេជ្ញាចិត្តរបស់អូស្ត្រាលី ក្នុងនាមជាប្រទេសគ្មាននុយក្លេអ៊ែរនោះដែរ។
ក្រោមកិច្ចព្រមព្រៀងដែលបានគូសបញ្ជាក់កាលពីថ្ងៃចន្ទ សមាជិកនៃកងនាវាចរអូស្ត្រាលី (RAN) នឹងត្រូវបានស្នាក់នៅមូលដ្ឋាននាវាមុជទឹករបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសចាប់ពីឆ្នាំនេះ ដើម្បីទទួលបានជំនាញចាំបាច់ក្នុងការប្រើប្រាស់នាវាមុជទឹកទាំងនោះ។ ចាប់ពីឆ្នាំ២០២៧ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសនឹងដាក់មូលដ្ឋាននុយក្លេអ៊ែរមួយចំនួនតូចនៅឯមូលដ្ឋាន RAN នៅទីក្រុង Perth ភាគខាងលិចប្រទេសអូស្ត្រាលី មុនពេលអូស្ត្រាលីទិញនាវាមុជទឹក Virginia-class របស់សហរដ្ឋអាមេរិកចំនួន ៣គ្រឿងនៅដើមទសវត្សរ៍ឆ្នាំ២០៣០ ជាមួយនឹងជម្រើសក្នុងការទិញពីរបន្ថែមទៀត៕
អត្ថបទ៖ សុខមាន