ភ្នំពេញ៖ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ បានចូលរួមបើកកកិច្ចសន្ទនាយុវជន ដើម្បីចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១២ ក្រោមមូលបទ ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។
កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹងជូនសាធារណៈជន ពីសារៈសំខាន់នៃការចូលរួមរបស់ស្ត្រី ក្នុងការថែរក្សា សុខសន្តិភាព និងលើកកម្ពស់កិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល និងផ្តល់ឱកាសដល់យុវជននៅយាមសាកលវិទ្យាល័យ និងអង្គការដៃគូចូលរួមជាវាគ្មិនកិត្តិយស ធ្វើការសិក្សាស្រាវជ្រាវ ស្វែងយល់ បំផុសគំនិត និងប្រើប្រាស់សក្តានុពលរបស់ខ្លួន និងស្វែងរកគំនិតថ្មីៗ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពក្នុងយុគសម័យឌីជីថល។
កម្មវិធីខាងលើនេះ មានការអញ្ជើញចូលរួមរបស់ថ្នាក់ដឹកនាំក្រសួងកិច្ចការនារី, ក្រុមការងារអនុគណៈកម្មការ, បណ្តាញមន្រ្តីវ័យក្មេងក្រសួងកិច្ចការនារី, យុវជនមកពីសាកលវិទ្យាល័យនានា, យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា, អង្គការដៃគូនានា និង UN Agency សរុបប្រមាណ ៣៥០នាក់៕




