
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា អ្នកខ្លះចូលចិត្តណាស់និយាយពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ប៉ុន្ដែពួកគេមិនបានគិតពីសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋនោះទេ ដូចជាអំឡុងពេលកម្ពុជាកំពុងជួបវិបត្តិដូចជាកូវីដ១៩ ដែលរាជរដ្ឋាភិបាល និងគ្រប់ភាគីពាក់ព័ន្ធបានខិតខំចាត់វិធានការដើម្បីដោះស្រាយជួយដល់ប្រជាពលរដ្ឋ ប៉ុន្ដែពួកគេបែរជាលើកឡើងពីបញ្ហាសិទ្ធិមនុស្សមករារាំងសកម្មភាពរបស់រាជរដ្ឋាភិបាលទៅវិញ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសសន៍បែបនេះ នាអំឡុងពេលអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
សម្ដេចតេជោ បានថ្លែងថា បើគ្មានជីវិត តើអ្នកណាអាចទៅធ្វើអ្វីបាន គឺមិនអាចធ្វើបានទេ។ បើយើងស្លាប់បាត់ទៅហើយនោះ។ សម្ដេចបានបញ្ជាក់ទៀតថា ដូច្នេះអ្វីក៏ដោយ ក៏រាជរដ្ឋាភិបាលត្រូវធ្វើដែរឱ្យតែរក្សាបាននូវជីវិតរបស់ប្រជាពលរដ្ឋ យកចិត្តទុកដាក់ទៅលើសុខុមាលភាពរបស់ប្រជាពលរដ្ឋជាចំបង។
តាមរយៈការយកចិត្តទុកដាក់ដល់សុខុមាលភាពពលរដ្ឋនេះ ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងកូវីដ-១៩ នៃចំនួនប្រជាជនសរុប ១៦លាន នាក់មាន ៩៥,៤៨%។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ដើម្បីគិតគូរដល់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ ឥឡូវនេះនៅទូទាំងប្រទេស ភូមិដែលបានភ្ជាប់ជាមួយបណ្ដាញអគ្គិសនីរបស់រដ្ឋ មានទៅដល់ ៩៩ ភាគរយហើយ។ សម្ដេចបញ្ជាក់ថា សម័យនេះ គឺសម័យប្រើអគ្គិសនី មិនមែនសម័យប្រើចង្កៀងទៀតទេ ដូច្នេះរដ្ឋាភិបាលត្រូវស្វែងរកដំណោះស្រាយផ្ដល់អគ្គិសនីដល់ប្រជាពលរដ្ឋ ប៉ុន្ដែការដោះស្រាយនេះគឺត្រូវដោះស្រាយផលប៉ះពាល់ផ្សេងៗដែលកើតមានឡើងឱ្យបានសមស្របជូនប្រជាពលរដ្ឋផងដែរ៕ អត្ថបទ៖វ៉ន ដារ៉ា