បាល់ទាត់៖ អ្នកស្រី ជួប វិច្ឆិកា នាយិកាអង្គការផ្កាយសមុទ្រ បានចាត់ទុកការលេងកីឡាគឺជាធាតុផ្សំមួយដ៏សំខាន់ សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ ពិសេសស្ដ្រី បន្ទាប់ពីលេងកីឡាបានធ្វើឲ្យពួកគេកាន់តែមានជឿជាក់ ទាំងក្នុង និងក្រៅទីលាន។
ការគូសបញ្ជាក់នេះ បន្ទាប់ពីអង្គការផ្កាយសមុទ្របានរៀបចំព្រឹត្តិការណ៍បាល់ទាត់កុមារីប្រចាំឆ្នាំ២០២៣ កាលពីចុងសប្ដាហ៍កន្លងទៅ ដើម្បីចូលរួមអបអរសាទរខួបលើកទី១១២ នៃទិវាសិទ្ធិនាអន្ដរជាតិ ៨មីនានៅទីលានបាល់ទាត់អង្គការផ្កាយសមុទ្រ។ ការប្រកួតនេះមានក្រុមកីឡាការិនីសរុប ៣៩ក្រុមមកពី ៩រាជធានី-ខេត្តចូលរួម។ ឆ្លងកាត់ការរៀបចំកម្មវិធីនេះជាច្រើនឆ្នាំមកន្លងមក អ្នកស្រី ជួប វិច្ឆិកា បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះអត្ថប្រយោជន៍នៃការលេងកីឡា ពិសេសកីឡាបាល់ទាត់ មិនត្រឹមតែបុរសនោះទេស្ដ្រីក៏អាចលេងបាន ហើយថែមទាំងចូលចិត្តខ្លាំង ដែលធ្វើឲ្យពួកគេទទួលបាននូវភាពជឿជាក់ និងមានសុខភាពល្អ ព្រមទាំងហ៊ានប្រឈមមុខគ្រប់ស្ថានភាពទៀតផង។
ក្នុងនាមថ្នាក់ដឹកនាំអង្គការផ្កាយសមុទ្រ អ្នកស្រីបានជំរុញលើកទឹកចិត្តដល់កុមារី និងស្ដ្រីទាំងអស់ត្រូវមានភាពក្លាហានក្នុងការលេងកីឡា ដើម្បីទទួលបាននូវសុខភាពល្អ ទំនាក់ទំនង មិត្តភាព សាមគ្គីភាព ហើយអាចឈានទៅសម្រេចក្ដីស្រម៉ៃក្លាយជាកីឡាការិនីអាជីពនាថ្ងៃអនាគតផងដែរ៕
អត្ថបទ៖ លី ឈុនឡា