បាល់ទាត់៖ ដូចបានដឹងហើយថា ការប្រកួត Metfone Cambodian League និងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដើម្បីជាការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ អំឡុងនេះ ក្រុមនីមួយៗបានរៀបចំកម្មវិធីផ្សេងៗគ្នា ដើម្បីរក្សាគុណផលកីឡាករ។
សម្រាប់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងវិញ ខ្សែបម្រើ ប្រាក់ មុន្នីឧត្តម ប្រាប់ថា មានការហ្វឹកហាត់ជុំវិញតាមប្រព័ន្ធអនឡាញរៀងរាល់សប្ដាហ៍ ដែលក្នុងនោះចែកចេញជាលំហាត់ផ្សេងៗ។ ទន្ទឹមនឹងនេះក្រៅពីហ្វឹកហាត់ជាមួយក្រុមតាមប្រព័ន្ធអនឡាញ គេក៏មានការហ្វឹកហាត់ដោយឡែកខ្លួនឯងដែរ។ កីឡាករជម្រើសជាតិកម្ពុជាដដែលរៀបរាប់បែបនេះ “និយាយទៅក្នុងមួយសប្ដាហ៍ យើងមានការហ្វឹកហាត់ជុំគ្នាតាម Zoom ដោយថ្ងៃខ្លះយើងហាត់អំណត់ ថ្ងៃខ្លះចង្វាក់បេះដូង និងថ្ងៃខ្លះយើងហាត់សាច់ដុំដើម្បីរក្សា fitness របស់យើង។ ក្នុងមួយសប្ដាហ៍ៗយើងហាត់ ៥ថ្ងៃ ដោយសម្រាកថ្ងៃសៅរ៍ និងអាទិត្យ តែយើងម្នាក់ៗក៏អាចហាត់បន្ថែមខ្លួនឯងដែរ។ សម្រាប់ខ្ញុំវិញពេលខ្លះហាត់ជាមួយក្លិប ហើយពេលថ្ងៃទំនេរហាត់ខ្លួនឯងរត់មុខផ្ទះ រត់ម៉ាស៊ីនក្នុងផ្ទះ អ៊ីចឹងទៅអំឡុងសម្រាកដោយសារកូវីដ១៩ នេះ។”
ប្រាក់ មុន្នីឧត្តម ទទួលស្គាល់ថា ការហ្វឹកហាត់នៅផ្ទះដោយខ្លួនឯង មិនបានពេញលេញដូចហ្វឹកហាត់ជុំគ្នាលើទីលានដោយផ្ទាល់ឡើយ។ តែយ៉ាងណាគេយល់ថា ការបន្តហ្វឹកហាត់ខ្លួនឯងបែបនេះក៏អាចរក្សាកាយសម្បទាបានពីចន្លោះ ៦០ ទៅ ៧០% ដែរ។ ចំណែកក្រុមការងារគ្រូក៏តាមដានការហ្វឹកហាត់ របស់កីឡាករទាំងអស់រៀងរាល់សប្ដាហ៍ដូចគ្នា។ គួរបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀងប្រកួតបាន ៣លើកហើយក្នុងក្របខណ្ឌ Metfone Cambodian League 2021 នេះដោយមាន ៩ពិន្ទុឈរនៅចំណាត់ថ្នាក់លេខ២៕
អត្ថបទ៖ CNCC