
ពោធិ៍សាត់៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា ឥឡូវប្រទេសជិតខាងកម្ពុជា អគ្គិសនីបានឡើងថ្លៃគ្រប់គ្នា ប៉ុន្ដែប្រទេសកម្ពុជាមិនបានឡើងថ្លៃទេ ដោយសាររាជរដ្ឋាភិបាលបានគិតគូរពីកត្តាជីវភាពរបស់ប្រជាពលរដ្ឋ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសសន៍បែបនេះ នាអំឡុងពេលអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
សម្ដេចតេជោ បានបញ្ជាក់ថាបច្ចុប្បន្នសម្រាប់មូលដ្ឋានរាជធានីភ្នំពេញមួយ មានតម្រូវការប្រើប្រាស់អគ្គិសនីជាង ១ ពាន់មេកាវ៉ាត់ ដែលកាលពីមុនមានតម្រូវការត្រឹម ៣០ មេកាវ៉ាត់ប៉ុណ្ណោះ។
សម្ដចបន្ថែមថា កត្តាតម្រូវការអគ្គិសនីខ្ពស់នេះ គឺតម្រូវឱ្យរាជរដ្ឋាភិបាលស្វែងរកដំណោះស្រាយ ដើម្បីផ្ដល់អគ្គិសនីដល់ប្រជាពលរដ្ឋប្រើប្រាស់ឱ្យបានគ្រប់គ្រាន់ ស្របពេលការកើនឡើងនៃការប្រើប្រាស់អគ្គិសនីនេះ ក៏បានបង្ហាញពីកំណើននៃការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជាផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ទាក់ទងនឹងរឿងបញ្ហាអគ្គិសនីនេះ រាជរដ្ឋាភិបាលបានខិតខំដោះស្រាយខ្លាំងណាស់ដែលបច្ចុប្បន្ននៅទូទាំងប្រទេស ភូមិដែលបានភ្ជាប់ជាមួយបណ្ដាញអគ្គិសនីរបស់រដ្ឋមានជាង ៩៩ ភាគរយហើយ។
សម្ដេចតេជោបញ្ជាក់ថា សម័យនេះគឺសម័យតេជោ ប្រើប្រាស់អគ្គិសនី មិនមែនសម័យប្រើចង្កៀងទៀតទេ ដូច្នេះរដ្ឋាភិបាលត្រូវស្វែងរកដំណោះស្រាយផ្ដល់អគ្គិសនីដល់ប្រជាពលរដ្ឋ ប៉ុន្ដែការដោះស្រាយនេះគឺត្រូវដោះស្រាយផលប៉ះពាល់ផ្សេងៗដែលកើតមានផងដែរ៕អត្ថបទ៖ វ៉ន ដារ៉ា





