ម៉ាឡាវី៖ ទីភ្នាក់ងារគ្រោះមហន្តរាយរបស់ប្រទេសបាននិយាយកាលពីថ្ងៃចន្ទថា មនុស្សជិត ១០០នាក់បានស្លាប់នៅក្នុងសង្កាត់ភាគខាងត្បូងប្រទេសម៉ាឡាវី បន្ទាប់ពីព្យុះស៊ីក្លូន Freddy បានត្រលប់មកកាន់ប្រទេសអាហ្វ្រិកខាងត្បូងមួយនេះដ៏កម្រ ដោយនាំមកនូវទឹកភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យមានទឹកជំនន់។

លោក Charles Kalemba ស្នងការនៃនាយកដ្ឋានគ្រប់គ្រងកិច្ចការគ្រោះមហន្តរាយបាននិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៩៩នាក់ ប៉ុន្តែតួលេខនេះត្រូវគេរំពឹងថា ចំនួនអ្នកស្លាប់នឹងកើនឡើងបន្ថែមទៀត។ មនុស្ស ១៣៤នាក់ផ្សេងទៀតបានរងរបួស ហើយមនុស្ស ១៦នាក់ត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួន បន្ទាប់ពីព្យុះស៊ីក្លូន Freddy ជាព្យុះមានរយៈពេលយូរបំផុតក្នុងកំណត់ត្រា បានរំខានដល់ការឆ្លងកាត់ទ្វីបអាហ្វ្រិកខាងត្បូងកាលពីចុងសប្តាហ៍ជាលើកទីពីរ ដែលបានត្រលប់មកវិញបន្ទាប់ពីព្យុះនេះកើតឡើងលើកទី១ កាលពីចុងខែកុម្ភៈ។ រដ្ឋធានីពាណិជ្ជកម្ម Blantyre របស់ប្រទេសម៉ាឡាវីបានកត់ត្រាចំនួនអ្នកស្លាប់ ៨៥នាក់។

លោក Kalemba បាននិយាយថា មនុស្សច្រើនជាង ១០,០០០នាក់បានរងផលប៉ះពាល់ដោយសារព្យុះនេះ។ តំបន់លំនៅឋានក្នុងរដ្ឋធានី Blantyre ត្រូវបានគ្របដណ្ដប់ដោយទឹកល្បាប់ ខណៈប្រតិបត្តិការរុករក និងជួយសង្គ្រោះបានជីកកកាយថ្មដើម្បីស្វែងរកសាកសពដែលជាប់។ ឥទ្ធិពលនៃព្យុះស៊ីក្លូនបានបង្កបញ្ហាកាន់តែច្រើនឡើងលើប្រទេសមួយនេះ ដែលកំពុងប្រឈមការផ្ទុះឡើងជំងឺអាសន្នរោគដ៏កាចសាហាវក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដែលបានសម្លាប់មនុស្សច្រើនជាង ១,៦០០នាក់ចាប់តាំងពីឆ្នាំមុន៕
អត្ថបទ៖ ប៊ុនថន