អ៊ុយក្រែន៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បាននិយាយថា អនាគតរបស់អ៊ុយក្រែនអាស្រ័យលើការប្រយុទ្ធគ្នាជាមួយរុស្ស៊ីទាំងក្នុង និងជុំវិញទីក្រុង Bakhmut ដោយភាគីទាំង២ បានពិពណ៌នាពីសមរភូមិប្រយុទ្ធឥតឈប់ ខណៈទីក្រុង Moscow បង្កើនយុទ្ធនាការរដូវរងាដើម្បីដណ្ដើមយកទីក្រុងតូចភាគខាងកើតមួយនេះ។

ប្រភពមួយបានប្រាប់សារព័ត៌មាន Reuters ថា ក្នុងអ្វីដែលនឹងក្លាយជាករណីឧក្រិដ្ឋកម្មអន្តរជាតិ ដំបូងកើតចេញពីការវាយលុករបស់រុស្ស៊ី តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ត្រូវគេរំពឹងថានឹងស្វែងរកការចាប់ខ្លួនមន្ត្រីមួយចំនួនរបស់រុស្ស៊ី ពីបទនិរទេសកុមារដោយបង្ខំចេញពីអ៊ុយក្រែន និងដាក់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។ ទីក្រុង Moscow ប្រាកដជានឹងច្រានចោលដីកាចាប់ខ្លួនក្រុមមន្ត្រីរបស់ខ្លួន ប៉ុន្តែតុលាការឧក្រិដ្ឋកម្មសង្គ្រាមអាចធ្វើឲ្យទំនាក់ទំនងការទូតរបស់ទីក្រុង Moscow ឯកាកាន់តែខ្លាំង ដោយសារតែយុទ្ធនាការដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបង្កឲ្យមានការប្រយុទ្ធគ្នាដ៏ធ្ងន់ធ្ងរបំផុតរបស់អឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២ មក។
ទីក្រុង Bakhmut បានក្លាយជាចំណុចសំខាន់នៃការវាយប្រហាររបស់រុស្ស៊ី ដែលកាលពីចុងសប្ដាហ៍នេះភាគីទាំង២ ត្រូវគេរាយការណ៍ថាបានរងការបាត់បង់កម្លាំងកងទ័ពធ្ងន់ធ្ងរ។ កងកម្លាំងរុស្ស៊ីដែលដឹកនាំដោយទាហានស៊ីឈ្នួលវ៉េកណា (Wagner) ដណ្ដើមយកបានភាគខាងកើតរបស់ទីក្រុងនេះ ប៉ុន្តែពុំអាចឡោមព័ទ្ធទីក្រុងនេះបានទាំងស្រុង៕
អត្ថបទ៖ សុខមាន