បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារគណៈកម្មការរៀបចំសង្ក្រាន្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ក្នុងក្រុងសិរីសោភ័ណ ស្ថិតនៅទីតាំងសួនមានជ័យ។
ក្នុងពេលចុះពិនិត្យទីតាំង ឯកឧត្តម អ៊ុំ រាត្រី មានប្រសាសន៍ថា តបតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជុំវិញការរៀបចំសង្ក្រាន្តឆ្នាំ២០២៣ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ដោយកំណត់យក ២ទីតាំងធំសំខាន់ៗ ទី១ នៅបរិវេណសួនមានជ័យ ស្ថិតនៅក្រុងសិរីសោភ័ណ និងទី២ នៅប្រាសាទបន្ទាយឆ្មារ ស្រុកថ្មពួក និងក្រុងប៉ោយប៉ែត។
ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងបំណង អបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក៏ដូចជាបង្ហាញពីមហាគ្រួសារខ្មែរតែមួយ ការរឹតចំណងមិត្តភាព និងជាពិសេស បានចូលរួមផ្សព្វផ្សាយវិស័យទេសចរណ៍នៅក្នុងផងដែរ៕







