ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ នៅក្នុងឆ្នាំ២០២២ កន្លងទៅនេះបានចាប់ខ្លួន និងបណ្តេញចេញជនបរទេសឲ្យទៅប្រទេសពួកគេវិញជិតប្រាំមួយពាន់នាក់ដែលមកពី ៤២សញ្ជាតិ ខណៈជនបរទេសមួយចំនួនទៀតកំពុងលាក់ខ្លួន ហើយអាជ្ញាធរកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមច្បាប់។
យោងតាមរបាយការណ៍ របស់អគ្គនាយករដ្ឋានអន្តោប្រវេសន៍ ដែលបានចែកជូនដល់អ្នកសារព័ត៌មានក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅអនុវត្តឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបានប្រព្រឹត្តិទៅ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពឯកឧត្តម សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃនោះ បានបង្ហាញថា មានជនបរទេស ៥.៨២៥នាក់ មកពី៤២សញ្ជាតិ ដោយក្នុងនោះជនជាតិថៃ ចិន និងវៀតណាមច្រើនជាងគេ ហើយការចាប់បញ្ជូនពួកគេទៅប្រទេសវិញនេះ គឺមក ពីពួកគេចូលធ្វើការនៅស្រុកខ្មែរពុំមានឯកសារត្រឹមត្រូវ និងប្រព្រឹត្តបទល្មើសជាដើម។
ទាក់ទងនិងការចាប់ខ្លួន និងបណ្តេញជនបរទេសចេញពីប្រទេសកម្ពុជានេះដែរ នាយឧត្តមសេនីយ៍ កែវ វណ្ណថន អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានបញ្ជាក់ផងដែរថា ការដែលនគរបាលអន្តោប្រវេសន៍ចាប់ខ្លួន និងបណ្តេញជនបរទេសទាំងនោះ ចេញគឺដោយសារពួកគេបានប្រព្រឹត្តខុសនិងច្បាប់នៅកម្ពុជា ដូចជាការចូលមកធ្វើការងារដោយពុំមានឯក សារត្រឹមត្រូវ និងលួចចូលស្រុកខ្មែរតាមផ្លូវកាត់ជាដើម។
នាយឧត្តមសេនីយ៍បានបញ្ជាក់បន្ថែមទៀតថា ក្រៅពីធ្វើការចាប់ខ្លួន និងបណ្តេញពួកជនបរទេសនោះចេញពីកម្ពុជាហើយក ក៏នៅមានជនបរទេស មួយចំនួនទៀត កំពុងលាក់ខ្លួនផងដែរ ប៉ុន្តែអាជ្ញាធរកំពុងស្រាវជ្រាវតាមចាប់ផងដែរ។
កាលពីឆ្នាំ២០២២កន្លងទៅនេះដែរ ជនបរទេសដែលបានជាប់ពន្ធនាគារនៅកម្ពុជា គឺមានចំនួន ១.៦១២នាក់ មកពី៤៥សញ្ជាតិ ដោយក្នុងនោះមានជនជាតិវៀតណាម ចិន និងថៃច្រើនជាងគេ។ ដោយ ឡែកជនបរទេសរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗមានចំនួន២៨២នាក់ ដោយក្នុងនោះស្លាប់ចំនួន២២៣ នាក់៕អត្ថបទ៖ បាន ចក់