ភ្នំពេញ៖ បើសិនជាមិនមានអ្វីប្រែប្រួលទេនោះ ការនាំសត្វខ្លាធំ ដែលជាអំណោយរបស់ប្រទេសឥណ្ឌា មកស្ដារ ឡើងវិញនៅប្រទេសកម្ពុជា នឹងត្រូវធ្វើឡើងនៅចុងឆ្នាំនេះ ខណៈតំបន់ស្នូលសម្រាប់ការរស់នៅរបស់វា ត្រូវបានរៀបចំរួចរាល់ហើយដែរ ។
នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត បានឲ្យដឹងថា សត្វខ្លាធំ ដែលនឹងត្រូវនាំមកពីប្រទេសឥណ្ឌា នឹងត្រូវលែងក្នុងតំបន់ជួរភ្នំក្រវាញ ជាតំបន់ដែលសូន្យ អន្ទាក់ និងត្រូវបានបំពាក់កាមេរ៉ាតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់មន្ត្រីអភិរក្ស។ ទីតាំង ដែលនឹង ត្រូវលែងសត្វខ្លានោះ សម្បូរដោយរំពា សម្រាប់សត្វខ្លា ។
កញ្ញា បានបញ្ជាក់ថា ការនាំសត្វខ្លាធំមកម្ពុជា អាចនឹងដំណើរការបាននៅក្នុងរយៈពេល៩ ឬ១០ ខែទៀត ព្រោះតំបន់ស្នូលនៃគម្រោងស្តារសត្វខ្លាធំនៅកម្ពុជាឡើងវិញនេះ ត្រូវបានរៀបចំរួចរាល់ហើយ ដោយរង់ចាំតែធ្វើរបាយការណ៍បញ្ជូនទៅប្រទេសឥណ្ឌាប៉ុណ្ណោះ ។
គម្រោងស្តារសត្វខ្លាធំ ជាគម្រោងរួមគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា ដោយផ្អែក លើការចុះហត្ថលេខាលើអនុស្សរណៈ រវាងប្រទេសទាំងពីរ កាលពីពេលថ្មីៗកន្លងមកនេះ ដើម្បីជាការបោះ ជំហានទៅមុខជាប្រវត្តិសាស្ត្រ សម្រាប់ការអភិរក្សសត្វខ្លាធំ ហើយការស្តារសត្វខ្លាធំក្នុងព្រៃឈើជួរភ្នំក្រវាញ នឹងអាចជួយពង្រឹងទៅដល់ការលូតលាស់នៃជីវៈចម្រុះ ។
គម្រោងស្តារសត្វខ្លាធំឡើងវិញនេះ បន្ទាប់ពីបាត់វត្តមានពីទឹកដីកម្ពុជា កាលពីអំឡុងឆ្នាំ២០០៧ ខណៈនៅទូទាំងពិភពលោក នៅឆ្នាំ២០១០ ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនសត្វខ្លាធំ ប្រហែល ៣ ២០០ក្បាល ដែលចំនួននេះ មានការថយចុះ ៩៥ភាគរយ បើធៀបទៅនឹងចំនួនរបស់វា ធ្លាប់មានក្នុងដើម ទសវត្សរ៍ ទី២០ ប្រហែល១០ម៉ឺនក្បាល ៕អត្ថបទ៖ បាន សុខរិទ្ធិ
