ភ្នំពេញ ៖ ក្រសួងសុខាភិបាល ព្រឹកថ្ងៃទី២៩ មេសា ២០២១នេះ បានរៀបចំពិធីប្រគល់-ទទួល ឱសថបុរាណចិន Lianhua Qingwen Capsules ចំនួន៨៨,០០០ប្រអប់ ដែលជាជំនួយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន ជូនរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ក្រោមកិច្ចសហប្រតិបតិ្តការក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងការសម្របសម្រួលយ៉ាងសកម្មរបស់ស្ថានទូតភាគីមិត្តចិន ប្រចាំនៅកម្ពុជា។
ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា កិច្ចសហប្រតិបតិ្តការកម្ពុជា-ចិន ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ លើគ្រប់វិស័យទាំងអស់ ពិសេសវិស័យសុខាភិបាលបានទទួលនូវជំនួយឥតសំណងយ៉ាងច្រើនឥតគណនា និយាយជារួម និងការជួយឧបត្ថម្ភគាំទ្រក្នុងការប្រយុទ្ធនឹងការរាតត្បាតជំងឺកូវីដ-១៩ នៅកម្ពុជា ទាំងបច្ចេកទេស ថវិកា និងឧបករណ៍ សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត រួមទាំងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និយាយដោយឡែក។
ទន្ទឹមគ្នានោះដែរ ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា សកម្មភាពនាថ្ងៃនេះ ចាត់ទុកថាយើងបានទទួលសមិទ្ធផលថ្មីមួយបន្ថែមទៀត នៅក្នុងកិច្ចសហប្រតិបតិ្តការវាងកម្ពុជា-ចិន ពិសេសក្នុងវិស័យសុខាភិបាល។ ប្រទេសកម្ពុជា កំពុងស្ថិតក្នុងការលំបាកដ៏ធ្ងន់ធ្ងរមួយ ដូច្នេះប្រទេសចិន ដែលជាមិត្តដែកថែប ក៏តែងតែយកចិត្តទុកដាក់នៅក្នុងស្ថានការវិវត្តន៍នៅក្នុងប្រទេសកម្ពុជា។ ស្ថានទូតចិន ស្ថិតក្រោមការដឹកនាំ របស់ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង និងមេដឹកនាំរបស់សាធារណរដ្ឋប្រជាមានិតចិន គឺយើងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីសហការជិតស្និតជាមួយប្រទេសកម្ពុជា ក្នុងការទប់ស្កាត់ និងការឆ្លងរីករាលដាល នៃវីរុសកូវីដ-១៩៕
អត្ថបទ រដ្ឋា



