ភ្នំពេញ៖ ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានថ្លែងថា ភាពយន្តឯកសារ “ស្នាមញញឹមកម្ពុជា” នេះបានបង្ហាញពីរឿងរ៉ាវពិតរបស់ប្រជាពលរដ្ឋកម្ពុជា និងរស់វើក ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និងវប្បធម៌ ក៏ដូចជាស្នាមញញឹមរបស់ពលរដ្ឋកម្ពុជា ។
ក្នុងពិធីសម្ពោធភាពយន្តឯកសារ “ស្នាមញញឹមកម្ពុជា” នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម វ៉ាង វិនធាន បានថ្លែងថា ភាពយន្តឯកសារ ស្នាមញញឹមកម្ពុជា ផ្តោតសំខាន់លើជីវភាពរបស់ប្រជាពលរដ្ឋទូទៅនៅប្រទេសកម្ពុជា ដោយបានរៀបរាប់ពីកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមករវាងប្រទេសចិន និងកម្ពុជា។
ឯកឧត្តមបានបន្តថា មានរៀបរាប់ពីរឿងរ៉ាវពិត និងរស់រវើក នៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និងវប្បធម៌ ដោយបានកត់ត្រានូវសមទ្ធិផល នៃការអភិវឌ្ឍន៍នៅកម្ពុជា លើវិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម វប្បធម៌ និងវិស័យផ្សេងៗទៀត ព្រមទាំងបំណងប្រាថ្នា ចង់បានជីវភាពកាន់តែល្អប្រសើរ របស់ប្រជាជនកម្ពុជា នៅក្រោមការតភ្ជាប់គ្នា យ៉ាងមានប្រសិទ្ធភាព នៃគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់ និងផ្លូវ” និង “យុទ្ធសាស្ត្រចតុកោណ” របស់កម្ពុជា ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បន្ថែមថា ភាពយន្តឯកសារនេះគឺពិត និងទាក់ទាញ ជាមួយនឹងរូបភាពដ៏ល្អប្រណិត មិនត្រឹមតែបង្ហាញពីសមិទ្ធផលផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់ និងផ្លូវ” ចិន-កម្ពុជា ប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីស្នាដៃដ៏អស្ចារ្យរបស់ប្រជាជនកម្ពុជា ក្នុងការកសាងជាតិ ។
លោកស្រី Kong Siqi ប្រធានគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជា-ចិន លើកឡើងថា ឆ្នាំនេះជាខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា ហើយក៏ជាឆ្នាំមិត្តភាពកម្ពុជាចិន និងជាឆ្នាំខួបទី១០ នៃការដាក់ចេញនូវគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់និងផ្លូវ” ផងដែរ។
លោកស្រីបន្តថា ក្នុងឆ្នាំពោរពេញទៅដោយអត្ថន័យដ៏ជ្រាលជ្រៅនេះ វិទ្យុមិត្តភាពកម្ពុជា-ចិន មានបំណងនាំយកភាពយន្តឯកសារ “ស្នាមញញឹមកម្ពុជា” ចំនួន៣ភាគ ដោយចង់ប្រើស្នាមញញឹមកម្ពុជា ដើម្បីរំលាយទឹកកក បំបែករបាំង លើកកម្ពស់ការយោគយល់គ្នា និងបន្ថែមភាពកក់ក្តៅនៅក្នុងដួងចិត្តប្រជាជន ។
ក្នុងឱកាសនោះ ឯកឧត្តម ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ភាពយន្តឯកសារនេះ គឺជាអំណោយមួយសម្រាប់ឆ្នាំមិត្តភាពកម្ពុជា-ចិន ហើយវាគឺជាសក្ខីភាពថ្មី និងស្រស់ស្អាតបំផុតនៃមិត្តភាពកម្ពុជា និងចិន ខណៈថ្មីៗនេះ ប្រទេសចិនទើបតែបានរៀបចំ”មហាសន្និបាតសភាទាំងពីរ” យ៉ាងជោគជ័យ ៕
អត្ថបទ ៖ បាន សុខរិទ្ធិ







