ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទជនមានពិការភាព ប្រចាំតំបន់អាស៊ី និងអាស៊ីប៉ាស៊ីហ្វិកលើកទី៥ នៅសណ្ឋាគារសុខា រ៉េស៊ីដង់ ភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២៣នេះ។
សន្និសីទនេះ មានការអញ្ជើញចូលរួមពីប្រតិភូតំណាងប្រទេសដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល អង្គការតំណាងជនមានពិការភាព និងបងប្អូនជនមានពិការភាពដែលបានអញ្ជើញមកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។
សន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី៥ នេះ ស្ដីពីការអភិវឌ្ឍសហគមន៍តាមបែបបរិយាប័ន្ន ត្រូវបានរៀបចំឡើងក្រោមប្រធានបទ “ការពង្រឹងភាពអង់អាចផ្នែកសង្គម និងសេដ្ឋកិច្ចរបស់ជនមានពិការភាព ក្នុងអំឡុង និងក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ តាមរយៈ “ការអភិវឌ្ឍសហគមន៍តាមបែបបរិយាបន្ន”។ ក្នុងគោលបំណង៖ សន្និសីទនេះមានគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូគ្រប់ភាគីពាក់ព័ន្ធសំដៅបង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍសហគមន៍តាមបែបបរិយាប័ន្ន។
លើកកម្ពស់សុខមាលភាពសង្គមនិងកិច្ចគាំពារសង្គមសម្រាប់ជនមានពិការភាព។ ជំរុញការធ្វើបរិយាប័ន្នសេដ្ឋកិច្ចរបស់ជនមានពិការភាពនៅក្នុងតំបន់។ចែករំលែកបទពិសោធន៍ល្អៗលើការអភិវឌ្ឍតាមបែបបរិយាប័ន្ន ក្នុងអំឡុងពេល និងក្រោយការរាតត្បាតជំងឺកូវីដ-១៩៕


