វាយកូនបាល់៖ ស្បែកជើងដែលនៅប្រឡាក់ដីក្រហមនៅឡើយ រ៉ាកែត និងសំភារៈផ្សេងៗទៀតរបស់ Roger Federer ក្នុងជ័យជំនះ Grand Slam ២០លើករបស់ខ្លួននឹងត្រូវដាក់លក់ដេញថ្លៃដើម្បីកិច្ចការសប្បុរសធម៌។

សំភារៈដែលនឹងត្រូវដាក់អោយដេញថ្លៃនៅថ្ងៃទី២៣ ខែមិថុនាខាងមុខមានដូចជា សំលៀកបំពាក់ រ៉ាកែត ដែល Federer ប្រើនៅវគ្គផ្តាច់ព្រ័ត្រ French Open ២០០៩ ឈ្នះលើ Robin Soderling ពាន French Open តែមួយគត់របស់គេ ក៏ដូចជាអាវពាក់ពីក្រៅពេលប្រកួតចប់ផ្តាច់ព្រ័ត្រ Wimbledon ឆ្នាំ២០១២ ឈ្នះលើ Andy Murray ផងដែរ។ បើតាមតំលៃត្រូវបានគេដឹងថាចាប់ពី ៣០០០ផោនដល់ ៧០០០០ផោនអាស្រ័យទៅតាមសំភារៈទាំងនោះ ក្នុងនោះដែររ៉ាកែតដែលប្រើប្រាស់ពេលឈ្នះ Rafael Nadal នៅវគ្គផ្តាច់ព្រ័ត្រ Grand Slam, Wimbledon កាលពីឆ្នាំ២០០៧ នោះត្រូវបានគេដឹងតម្លៃចន្លោះពី ៣០០០០ទៅ ៥០០០០ផោន។
មិនមែនសំភារៈសុទ្ធតែថ្លៃៗនោះ មានសំភារៈខ្លះៗដែលមានតម្លៃសមរម្យផងដែរដូចជា កៅស៊ូកងដៃ និងកូនកន្សែងជាដើម។ ការដេញថ្លៃនៅថ្ងៃទី២៣ ខែមិថុនាខាងមុខត្រូវបានគេរំពឹងថានឹងអាចមានតម្លៃ ១លានផោន នឹងសង្ឃឹមថាការដេញថ្លៃនឹងឈានដល់ ១លាន ៥សែនផោន។ ថវិកាដែលប្រមូលបាននឹងជាថវិការទ្រទ្រង់មូលនិធីរបស់ Federer ផ្ទាល់ដើម្បីបន្តជាជំនួយដល់ការសិក្សារបស់កុមារនៅទ្វីបអាហ្វ្រិក និងស្វ៊ីសដែលជាទឹកដីកំនើតរបស់គេ៕
អត្ថបទ៖នាង សុភាវុធ