ភ្នំពេញ៖ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៥ ខែមីនានេះ មានរៀបចំវេទិកាផ្សព្វផ្សាយ ពិព័រណ៍ចិន-អាស៊ាន លើកទី២០ ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅក្រោមវត្តមានរបស់ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោកជំទាវបណ្ឌិត វៃ ចាវហ៊ុយ (WEI Zhaohui) អគ្គលេខាធិការ នៃគណៈកម្មការពិព័រណ៍ចិន-អាស៊ាន និងលោក អ៊ូ គួកឈាន (WU Guoquan) ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម អមស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា។
គោលបំណងនៃវេទិកាផ្សព្វផ្សាយ ពិព័រណ៍ចិន-អាស៊ាន លើកទី២០នេះ ដើម្បីពិភាក្សាគ្នាអំពីការត្រៀមលក្ខណៈរៀបចំចូលរួម ពិព័រណ៍ចិន-អាស៊ាន លើកទី២០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន នាពេលខាងមុខ។
សូមបញ្ជាក់ថា ទំនាក់ទំនងការទូត រវាងប្រទេសកម្ពុជា និងចិន គិតមកដល់ពេលនេះ បានឈានដល់វ័យ ៦៥ឆ្នាំហើយ។ តាមរយៈទំនាក់ទំនងការទូតនេះ ភាគីទាំងពីរបានបង្កើនចំណងមិត្តភាពទ្វេភាគីកាន់តែរឹងមាំ និងស៊ីជម្រៅពីមួយឆ្នាំទៅមួយឆ្នាំ និងបានក្លាយទៅជាមិត្តភាពដែកថែបមិនអាចកាត់ផ្តាច់បានក្នុងការរួមគ្នាកសាងវឌ្ឍនភាព វិបុលភាព និងការយល់ចិត្តគ្នា។
គិតត្រឹមបំណាច់ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានជាង ១១,៦៨៦លានដុល្លារអាម៉េរិក មានការកើនឡើងប្រមាណ ៥% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ដោយឡែក ទោះស្ថិតក្នុងគ្រាលំបាកដែលបណ្តាលមកពីការកើតឡើងនូវជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២២កន្លងទៅថ្មីៗនេះក្តី ចិនបានដាក់ទុនវិនិយោគនៅកម្ពុជា មានចំនួន ១៨៦គម្រោង គិតជាទឹកប្រាក់សរុបចំនួនប្រមាណ ៤,០០០លានដុល្លារអាម៉េរិក៕




