កីឡាអុក៖ បច្ចុប្បន្នក្រុមកីឡាករលេងអុកអន្តរជាតិ ត្រៀមប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមកំពុងមមាញឹកហ្វឹកហាត់ មុនការប្រកួតនឹងចូលមកដល់នៅអំឡុងខែមិថុនាខាងមុខនេះ។ នេះបើតាមប្រសាសន៍លោក ប៉ែន រ័ត្នធីណា គ្រូបង្រៀនអុកអន្តរជាតិបានផ្តល់បទសម្ភាសជាមួយ BTV កាលពីថ្ងៃទី១៤ ខែមីនា។
នៅក្នុងបទសម្ភាសនោះ លោកបានជំរុញលើកទឹកចិត្តដល់កីឡាករត្រូវគោរពតាមទ្រឹស្តីលេងអុកគឺគិតឱ្យយូរ មើលឱ្យឆ្ងាយ ហើយដើរកុំឱ្យដាច់គ្នា ដើម្បីទទួលបានជោគជ័យក្នុងពេលប្រកួត។ ក្រុមកីឡាករលេងអុកបានប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដណ្តើមយកមេដាយមាសជូនជាតិឱ្យបាន ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម។ តាមការគ្រោងទុក ប្រទេសកម្ពុជានឹងរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ផ្តើមពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការប្រកួតកីឡាចំនួន ១៣ប្រភេទមានជាង ១០០វិញ្ញាសា៕
អត្ថបទ៖ ទូច សោភ័ណ