កំពង់ធំ៖ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ងួន រតនៈ អភិបាលខេត្កំពង់ធំ អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូ DBST ចំនួន១ខ្សែប្រវែង ២,០២០ ម៉ែត្រ ដែលជាគម្រោងរបស់រដ្ឋបាលខេត្តកំពង់ធំ ស្ថិតនៅភូមិបល្ល័ង្គលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ក្នុងឱកាសនោះដែរឯកឧត្តមបញ្ជាក់ថា ការអភិវឌ្ឍគឺជាជំហាននៃការកែលម្អបន្ថែមពី ផ្លូវក្រួសក្រហមមកផ្លូវកៅស៊ូ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែងាយស្រួល ហើយក៏ជាការចូលរួមពង្រីកក្រុងស្ទឹងសែន ឲ្យកាន់តែធំទូលាយ ។
ឯកឧត្តម បញ្ជាក់បញ្ជាក់ថា ក្នុងឆ្នាំ២០២៣នេះរដ្ឋបាលខេត្ត បានផ្តល់គម្រោងដល់រដ្ឋបាលក្រុងស្ទឹងសែន និងរដ្ឋបាលសង្កាត់ ចំនួន៣ បន្ថែមទៀត គឺ៖ ១.គម្រោងផ្លូវបេតុងប្រវែង ៨៤៥ ម៉ែត្រ តភ្ជាប់ពីភូមិ ព្រៃបន្លិច សង្កាត់ អាចារ្យលាក់ ទៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ គ្រោងនិងរៀបចំបើកការដ្ឋាននាពេលខាងមុខ។ ២. គម្រោងផ្លូវបេតុងប្រវែង ៩០០ ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ០៦A ទៅកាន់ភូមិកំពង់សំរោង សង្កាត់ស្រយ៉ូវ គ្រោងនិងរៀបចំបើកការដ្ឋាននាពេលខាងមុខ។
៣. គម្រោងផ្លូវបេតុងប្រវែង ៥០០០ ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ០៦ ទៅកាន់ភូមិ រលួស សង្កាត់ស្រយ៉ូវ គ្រោងនិងរៀបចំបើកការដ្ឋាននាពេលខាងមុខ៕







