វាយកូនបាល់៖ កីឡាករវាយកូនបាល់លេខ ១ ពិភពលោក Novak Djokovic នឹងមិនអាចការពារជើងឯកការប្រកួតកម្មវិធី Madrid Open របស់ខ្លួនបានឡើយ បន្ទាប់ពីសាមីខ្លួនប្រកាសដកខ្លួន។
ការប្រកួត Madrid Open នៅលើទឹកដីអេស្ប៉ាញនឹងធ្វើឡើងនៅខែក្រោយនេះ ខណៈកីឡាករវ័យ ៣៣ឆ្នាំរូបនេះបានសំដែងពីការព្រួយបារម្ភក្នុងការធ្វើដំណើរ ជាពិសេសគឺការធ្វើដំណើរចូលទឹកដីអេស្ប៉ាញ ស្របពេលការប្រកួត Grand Slam, French Open នឹងចាប់ផ្តើមបន្តគ្នា ៣សប្តាហ៍បន្ទាប់។ ការប្រកួតឆ្នាំមុន Madrid Open ក្នុងក្របខណ្ឌ Masters 1000 ក៏ត្រូវបានលុបចោលដែរ ដោយសារការផ្ទុះឡើងដំបូងនៃមេរោគរាតត្បាត Covid-19។ Novak Djokovic សប្តាហ៍មុនក៏មានការប្រកួតដែរក្នុងកម្មវិធី Serbia Open តែចាញ់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោមស្នាដៃកីឡាករលេខ ២៨ ពិភពលោករុស្ស៊ី Aslan Karatsev ហើយកាលពីដើមខែក៏បានចាញ់កីឡាករអង់គ្លេស Dan Evans ផងដែរនៅ Monte Carlo។
Novak Djokovic ទើបតែគ្រងជើងឯក Grand Slam លើកទី ១៨ ក្នុងអាជីពក្រោយឈ្នះពាន Australian Open កាលពីដើមឆ្នាំ។ យ៉ាងណាក្តី Djokovic រំពឹងថា នឹងអាចប្រកួតនៅទីក្រុងរ៉ូមប្រទេសអ៊ីតាលីបាននៅខែក្រោយ ដើម្បីកំដៅសាច់ដុំមុន French Open៕
អត្ថបទ៖នាង សុភាវុធ