វាយកូនបាល់៖ កីឡាករវាយកូនបាល់កំពូលរបស់អង់គ្លេស Cameron Norrie បានបន្តទំរង់លេងអស្ចារ្យរបស់ខ្លួនក្នុងឆ្នាំ២០២៣ នេះក្រោយឈានឡើងវគ្គ ៨នាក់ចុងក្រោយវាយកូនបាល់កម្មវិធី Indian Wells នៅសហរដ្ឋអាមេរិក។ កីឡាករវ័យ ២៧ឆ្នាំរូបនេះបានយកឈ្នះកីឡាកររុស្ស៊ី Andrey Rublev ដោយលទ្ធផល ២សិតផ្ទួនៗតែម្តង ៦-២ និង ៦-៤។

កីឡាករទាំងពីរធ្លាប់ជួបគ្នាម្តងកាលពីឆ្នាំ២០២២ វគ្គ ១៦នាក់ចុងក្រោយ Grand Slam, US Open ដែលនៅពេលនោះ Andrey Rublev យកឈ្នះ ៣សិតផ្ទួនៗ។ Cameron Norrie ដែលជាជើងឯកនៅ Indian Wells កាលពីឆ្នាំ២០២១ នឹងបន្តជួបជាមួយកីឡាករម្ចាស់ផ្ទះអាមេរិក Frances Tiafoe ដែលបានយកឈ្នះកីឡាករ Alejandro Tabilo។ ដោយឡែកថ្ងៃជាមួយគ្នាដែរអតីតកីឡាករលេខ ១ ពិភពលោករុស្ស៊ី Daniil Medvedev ក៏បានកក់កៅអីនៅវគ្គ ៨ នាក់ចុងក្រោយផងដែរ ក្រោយយកឈ្នះម្ចាស់មេដាយមាសអូឡាំពិកទីក្រុងតូក្យូសញ្ជាតិអាល្លឺម៉ង់ Alexander Zverev តានតឹង ៦-៧(៥-៧) ៧-៦(៧-៥) និង ៧-៥។ ជុំបន្ត Daniil Medvedev នឹងត្រូវជួបជាមួយកីឡាករអេស្ប៉ាញ Alejandro Davidovich Fokina៕
អត្ថបទ៖នាង សុភាវុធ