អាមេរិក៖ ឧត្ដមសេនីយ៍លោក Pat Ryder អ្នកនាំពាក្យមន្ទីរបញ្ចកោណនិយាយថា យានដ្រូនស៊ើបការណ៍ MQ-9 "Reaper" របស់អាមេរិកបានធ្លាក់ចូលទៅក្នុងសមុទ្រខ្មៅកាលពីថ្ងៃអង្គារ បន្ទាប់ពីយន្តហោះចម្បាំងរបស់រុស្ស៊ី ២គ្រឿងបានអនុវត្តនូវអ្វីដែលសហរដ្ឋអាមេរិកហៅថា បាញ់ស្ទាក់ចាប់ដោយមិនប្រុងប្រយ័ត្ន។

នៅម៉ោងប្រហែល ៧:០៣នាទីព្រឹកម៉ោងនៅអឺរ៉ុបកណ្តាល យន្តហោះ Su-27 របស់រុស្ស៊ីមួយគ្រឿងបានវាយប្រហារលើស្លាបយានដ្រូន MQ-9 បណ្ដាលឲ្យយានដ្រូន MQ-9 ធ្លាក់ចូលទៅក្នុងដែនទឹកអន្តរជាតិ។ ឧបទ្ទវហេតុនេះបង្ហាញពីការខ្វះសមត្ថកិច្ច បន្ថែមពីលើការពុំមានសុវត្ថិភាព និងគ្មានវិជ្ជាជីវៈ។ វាជាឧបទ្ទវហេតុលើកដំបូងចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីមួយឆ្នាំមុន ហើយបានធ្វើឲ្យមានការថ្កោលទោសពីសេតវិមាន និងមន្ទីរបញ្ចកោណ ដែលបានព្រមានពីហានិភ័យកើនឡើង។
កងទ័ពអាកាសសហរដ្ឋអាមេរិកបាននិយាយថា យានដ្រូនកំពុងធ្វើបេសកកម្មស៊ើបការណ៍ និងឃ្លាំមើល។ មន្ទីរបញ្ចកោណបាននិយាយថា យានដ្រូន MQ-9 អាចផ្ទុកសព្វាវុធ ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយថា តើយានដ្រូនពិសេសនេះបំពាក់អាវុធឬអត់។ អ្នកនាំពាក្យរូបនេះគ្រាន់តែនិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងដែនអាកាសអន្តរជាតិ៕
អត្ថបទ៖ ប៊ុនថន