បាល់បោះ៖ កីឡាករបាល់បោះក្រិក Giannis Antetokounmpo បានត្រលប់ពីការសម្រាកដោយសាររបួសហើយ និងបានចូលលេងប្រកួតដំបូងឱ្យ Milwaukee Bucks ថ្ងៃអង្គារម្សិលមិញបោះបាន ៤៦ពិន្ទុម្នាក់ឯងយកឈ្នះ Sacramento Kings ១៣៣-១២៤។

អតីតម្ចាស់ជយលាភីកីឡាករឆ្នើមបំផុតប្រចាំឆ្នាំនៅ NBA ពីរលើករូបនេះបានអវត្តមាន ៣ប្រកួតមកហើយដោយសាររបួសកដៃ។ Milwaukee Bucks បានតាមពីក្រោយ ១៥ ពិន្ទុតែចាប់ពីវគ្គទី ៣ ទៅរកបានដល់ទៅ ៨០ ពិន្ទុ។ Brook Lopez បោះបាន ២៣ ពិន្ទុផងដែរ មុនពេលប៉ះទង្គិចឈ្លោះប្រកែកគ្នាជាមួយ Trey Lyles និងត្រូវបណ្តេញចេញពីការប្រកួតរៀងខ្លួន។ Milwaukee Bucks បន្តការនាំមុខនៅភាគខាងកើតប្រកួតឈ្នះ ៤៩ ចាញ់ ១៩ នៅពីលើ Boston Celtics ដែលចាញ់គួរឱ្យភ្ញាក់ផ្អើលក្រោមស្នាដៃ Houston Rockets ដែលឈរបាតតារាងភាគខាងលិចដោយលទ្ធផល ១១១-១០៩។ Jalen Green បោះបាន ២៨ ពិន្ទុ និង Jabari Smith Jr បោះបាន ២៤ ពិន្ទុជួយឱ្យ Rockets យកឈ្នះការប្រកួតនេះ បើទោះបីជា Jaylen Brown បោះបាន ៤៣ ពិន្ទុក៏មិនអាចជួយ Boston បាន។
លទ្ធផលផ្សេងទៀតមានដូចជា Golden State Warriors យកឈ្នះ Phoenix Suns ១២៣-១១២ ខណៈ Klay Thompson បោះបាន ៣៨ ពិន្ទុ និង Stephen Curry បោះបាន ២៣ ពិន្ទុ។ New York Knicks យកឈ្នះ Los Angeles Lakers ១១២-១០៨, Indiana Pacers ៩៧-១១៧ Detroit Pistons, Minnesota Tinberwolves ១៣៦-១១៥ Atlanta Hawks, Utah Jazz ១១៥-១១៩ Miami Heat និង Memphis Grizzlies ១០៤-៨៨ Dallas Mavericks៕
អត្ថបទ៖នាង សុភាវុធ