ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំដល់ឯកអគ្គរាជទូតថ្មីរបស់ប្រទេសអូស្រ្តាលីប្រចាំនៅកម្ពុជា ជួយជំរុញពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងអូស្ត្រាលី និងជួយបង្កើនការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ឲ្យទៅសិក្សានៅប្រទេសអូស្ត្រាលីបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាលើកស្ទួយសេដ្ឋកិច្ច និងធនធានមនុស្សនៅកម្ពុជាឲ្យកាន់តែខ្លាំងក្លាថែមទៀត។
នៅក្នុងកិច្ចជំនួបពិភាក្សាជាមួយ លោក ចាស្ទីន ខេវិន វីយ៉ាត (Justin Kevin Whyatt) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្រ្តាលី នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ នៅវិមានរដ្ឋសភា សម្តេច ហេង សំរិន បានលើកឡើងថា «សូមស្នើទៅអូស្រ្តាលី បន្តជួយគាំទ្រកម្ពុជា តាមរយៈការជំរុញពាណិជ្ជកម្ម ទ្វេភាគី វិនិយោគទេសចរណ៍ និងជួយអភិវឌ្ឍន៍សមត្ថភាព ធនធានមនុស្ស ដោយបង្កើនការផ្តល់អាហារូបករណ៍បន្ថែមទៀត ដល់និស្សិតកម្ពុជា បន្តការសិក្សានៅប្រទេសអូស្ត្រាលីជាដើម»។
សម្តេចប្រធានរដ្ឋសភា ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់ដំណើរការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ អូស្រ្តាលីបានជួយឧបត្ថម្ភវ៉ាក់សាំង និងបរិក្ខាពេទ្យជាច្រើន ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ យ៉ាងមានប្រសិទ្ធភាព។
ជាមួយគ្នានេះ រដ្ឋសភាកម្ពុជា និងសភាអូស្រ្តាលី ក៏មានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគ្នា ការផ្លាស់ប្តូរទស្សនកិច្ច ចែករំលែកបទពិសោធន៍ និងតែងតែគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរសភានានា ក្នុងតំបន់ និងសកលោកផងដែរ។
សម្តេចប្រធានរដ្ឋសភា ក៏ថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានរួមចំណែក ក្នុងការស្វែងរក សន្តិភាព និងបន្តជួយក្នុងដំណើរការអភិវឌ្ឍ ប្រទេសកម្ពុជា លើវិស័យជាច្រើន រួមមាន៖ កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ការដោះមីនជាដើម។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ លោក ចាស្ទីន ខេវិន វីយ៉ាត បានអបអរសាទរចំពោះការរីកចម្រើនរបស់កម្ពុជា និងការគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ។
លោកក៏បានអបអរសាទររដ្ឋសភាកម្ពុជា នៅក្នុងការរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) នាពេលកន្លងមក។ ជាពិសេសដំណើរទស្សនកិច្ចរបស់សម្តេច ទៅកាន់ប្រទេសអូស្រា្តលីកាលពីឆ្នាំ២០២០ ក្នុងការចូលរួមវេទិកាសភា APPF។ លោកទូតក៏បានជម្រាបសម្តេចប្រធានផងដែរថា អូស្រ្តាលី នឹងបន្តការគាំទ្រ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានៅលើវិស័យជាច្រើនទៀត មានវិស័យសុខាភិបាល សេដ្ឋកិច្ច សន្តិសុខ ការប្រយុទ្ធប្រឆំាងអំពើភេរវកម្ម សិទ្ធិមនុស្ស និងដំណើរការលទ្ធិប្រជាធិបតេយ្យជាដើម។
សូមបញ្ជាក់ថាកម្ពុជា-អូស្រ្តាលី បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា ជាយូរយារណាស់មកហើយ គឺតាំងពីឆ្នាំ១៩៥២។ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែត្រូវបានលើកកម្ពស់យ៉ាងជិតស្និទ្ធ និងរីកចម្រើនស្ទើរគ្រប់វិស័យ៕អត្ថបទបាន ចក់