ភ្នំពេញ៖ ក្រោយមានបណ្ដាញសង្គមមួយចំនួនបានបង្ហោះជាសាធារណៈថាទីតាំង ខូល រីមីកស៍ ស្ថិតនៅតូបលេខ B&C ក្នុងផ្សារចិន មានបង្កប់ល្បែងស៊ីសងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រី។ ដូច្នេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមនបានចុះដល់ទីតាំងនិងត្រួតពិនិត្យជាក់ស្ដែង ពុំមានដូចការចុះផ្សាយនោះឡើយ ឃើញតែប្រភេទហ្គេមកូនក្មេងលេងយករង្វាន់តុក្កតា និងហ្គេមក្មេងលេងធម្មតាប៉ុណ្ណោះ។
សូមជម្រាបជូនថា នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២៣ នេះ លោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានបញ្ជាឲ្យកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះត្រួតពិនិត្យផ្ទាល់តែម្ដង នៅចំណុចទីតាំង ខូល រីមីកស៍ ស្ថិតនៅតូបលេខ B&C ក្នុងផ្សារចិន ផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ តែពុំមានអ្វីពាក់ព័ន្ធបទល្មើសនិងល្បែងស៊ីសងឡើយ។
នៅក្នុងការចុះត្រួតពិនិត្យនេះផងដែរអាជ្ញាធរ ឃើញមានលិខិតអនុញ្ញាតបណ្ណពន្ធប៉ាតង់, វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម និងតាបស្នូកឃ័រ ចំនួន ១០តាប និងទូរហ្គេមកម្សាន្ត ចំនួន ៦៦ទូរ ដែលកំពុងដំណើរការ ពុំរកឃើញមានការលេងល្បែងស៊ីខុសច្បាប់នោះទេ និងបានអប់រំណែនាំដល់ម្ចាស់គ្រប់គ្រងទីតាំង និងបានធ្វើការកិច្ចសន្យា ចំពោះមុខជាមួយសមត្ថកិច្ចហាមមិនឱ្យមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទនិងបទល្មើសផ្សេងៗដែលខុសច្បាប់ ការជួញដូរមនុស្ស និងសារធាតុញៀនជាដើម។ ក្នុងករណីមិនអនុវត្តតាមកិច្ចសន្យាអាជ្ញាធរនិងអនុវត្តតាមតិវិធីច្បាប់៕ អត្ថបទ៖ កុម្ភៈ











