
ភ្នំពេញ៖ អ្នកជំនាញកសិកម្មមើលឃើញថា កម្ពុជានឹងស្រូបយកសក្តានុពលវិនិយោគលើវិស័យកសិកម្មកាន់តែច្រើន និងបានកំពុងបង្កើននូវភាពជឿទុកចិត្តកាន់តែខ្លាំង ចំពោះកសិករអ្នកដាំដុះ បន្ទាប់ពីការនាំចេញកសិផលរបស់កម្ពុជា បានកំពុងបង្ហាញវត្តមានកាន់តែល្អប្រសើរ។
ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុន ម៉ុង រិទ្ធីគ្រុប លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នេះថា នៅក្នុងរយៈពេលចុងក្រោយនេះ មានក្រុមហ៊ុនចិនជាច្រើន និងក្រុមហ៊ុនមកពីជប៉ុនផងដែរ បានមកសិក្សា និងបើករោងចក្រកែច្នៃរួមមាន ការកែច្នៃគ្រាប់ស្វាយចន្ទីរ, ជាពិសេសនៅខេត្តកំពង់ស្ពឺ ចិនបានបើករោងចក្រកែច្នៃផ្លែស្វាយជាច្រើនផងដែរ ស្របពេលសកម្មភាពក្នុងស្រុកក៏មាន សិប្បកម្មកែច្នៃតូចៗជាច្រើនកន្លែង បានកំពុងអភវិឌ្ឍន៍ក្នុងខ្សែច្រវ៉ាក់ផលិតកម្ម និងកំពុងមានតម្លៃកើនឡើងសមរម្យ ដែលអាចធ្វើឲ្យអ្នកប្រកបរបរលើផ្នែកនេះ មានក្តីរំពឹងខ្ពស់ ក្នុងការដាំដុះ និងការធ្វើអាជីវកម្ម។
ជុំវិញវិស័យកសិកម្មនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មានប្រសាសន៍លើកឡើងនៅក្នុងពិធីបុណ្យទន្លេលើកទី ៧ នៅខេត្តកំពង់ធំ កាលពីថ្ងៃទី៩ ខែមីនា នេះថា សព្វថ្ងៃវិស័យកសិកម្មរបស់កម្ពុជា មានកំណើនជាបន្តបន្ទាប់ ខណៈការកែច្នៃ នៅមានទំហំតិចតួចនៅឡើយ។
សម្ដេចតេជោ មានប្រសាសន៍បន្តថា គោលដៅសំខាន់របស់កម្ពុជា គឺចង់ទាញអ្នកវិនិយោគ ក្នុងវិស័យឧស្សាហកម្មកែច្នៃ ដោយប្រើប្រាស់វត្ថុធាតុដើម ដែលកម្ពុជាមានស្រាប់។
សូមបញ្ជាក់ថា នៅក្នុងរយៈពេល ២ខែ ដើមឆ្នាំ២០២៣នេះ បើតាមរបាយការណ៍អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា ការនាំចេញធម្មជាតិរបស់កម្ពុជា នៅក្នុងរយៈនេះមានតម្លៃជាទឹកប្រាក់ប្រមាណជាង ៣១១លានដុល្លារ បានកើនឡើងជាង ៤០ភាគរយ ក្នុងនោះ ការនាំចេញផលិតផលកែច្នៃចេញពីបន្លៃ ផ្លៃឈើ និងគ្រាប់ផ្លៃឈើផ្សេងៗ មានទឹកប្រាក់ជាង ១៥ លានដុល្លារ ថយចុះជាង ១០ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២៕ អត្ថបទ៖ សុន រ៉ាឌី