តាកែវ ៖ ក្រុមកម្មករកម្មការិនី និងជនបរទេសចំនួនជិត១០០នាក់ ដែលបំរើការនៅរោងចក្រដេកាបូបPV ដែលមានទីតាំងស្ថិតនៅក្នុងឃុំឃ្លាំងសម្បត្តិ ស្រុកបាទី ត្រូវបានយកសំណាកទៅធ្វើតេស្ដរកជំងឺកូវីដ១៩ បន្ទាប់ពីមានកម្មករម្នាក់ និងជនជាតិចិន២នាក់ ដែលបំរើការនៅរោងចក្រខាងលើត្រូវបានរកឃើញមានផ្ទុកចំងឺកូវីដ១៩។
លោក ម៉ឹង វីរីយ៉ា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវ បានថ្លែងប្រាប់ទូរទស្សន៍BTV ឲ្យដឹងនៅថ្ងៃនេះថា រហូតមកដល់ពេលនេះ មានកម្មករខ្មែចំនួន៦៥នាក់ និងជនជាតិចិនចំនួន២៥នាក់ ដែលធ្វើការនៅរោងចក្រដេកាបូបនេះ ត្រូវបានយកសំណាកទៅធ្វើតេស្តរកជំងឺកូវីដ១៩ ក៏ប៉ុន្តែលទ្ធផលយ៉ាងណានោះគឺយើងមិនទាន់ដឹងនៅឡើយទេ។
លោកវិជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានថ្លែងឲ្យដឹងថា មន្រ្តីសុខាភិបាល បានយកសំណាកកម្មករមួយចំនួនទៅធ្វើតេស្តរកជំងឺកូវីដ១៩រួចហើយកាលពីម្សិលមិញនេះ ក៏ប៉ុន្តែលទ្ធផលមិនទាន់ចេញទេនៅថ្ងៃនេះ ហើយយើងក៏បានធ្វើការណែនាំពួកគាត់អោយធ្វើចត្តាឡីស័ក អោយបានត្រឹមត្រូវនៅពេលដែលរងចាំលទ្ធផល ដោយមិនត្រូវធ្វចើដំណើរចេញក្រៅផ្ទះផ្ដេសផ្ដាស់នោះទេ។
គួរបញ្ជាក់ថា កាលពីម្សិលមិញនេះអាជ្ញាធខេត្តតាកែវបានរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ចំនួន៣នាក់ ដែលបំរើការនៅរោងចក្រដេកាបូបPV ដែលមានទីតាំងនៅក្នុងឃុំឃ្លាំងសម្បត្តិ ស្រុកបាទីខេត្តតាកែវ ដែលមានកម្មករជាង៧រយនាក់។ អ្នកផ្ទុកជំងឺកូវីដ១៩ មានកម្មករខ្មែរម្នាក់និងជនជាតិចិនចំនួន២នាក់។ បន្ទាប់បពីរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ខាងភាគីរោងចក្របានបិទទ្វារោងចក្ររបស់ខ្លួនជាបណ្ដោះអាសន្ន៕
ដោយ៖គុជ វិភាគ



