
អន្ដរជាតិ៖ បេក្ខជនប្រធានាធបិតីសម្រាប់គណបក្សកាន់អំណាចវឌ្ឍនភាពប្រជាធិបតី(DPP)របស់កោះតៃវ៉ាន់ លោកអនុប្រធានាធិបតី William Lai នៅថ្ងៃពុធនេះ សន្យាការពារកោះរបស់លោកប្រឆាំងនឹងចិន និងធានាជូនសន្តិភាព ពេលរូបលោកចុះបញ្ជីជាផ្លូវការ ដើម្បីដឹកនាំយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោត។
លោក Lai ដែលបានឡើងកាន់តំណែងជាប្រធានគណបក្ស DPPកាលពីខែមករា ឆ្នាំ ២០២៣ បានថ្លែងបែបនេះ នៅទីស្នាក់ការកណ្តាលបក្ស ពេលដែលលោកចុះបញ្ជីធ្វើជាបេក្ខជនរបស់គណបក្សនៅការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ហើយលោកបន្តថា កោះតៃវ៉ាន់ឈរលើជួរមុខនៃលទ្ធិប្រជាធិបតេយ្យ។
ដូចគ្នានឹងការបោះឆ្នោតលើកមុនកាលពីឆ្នាំ២០២០ ដែលគណបក្ស DPP បានឈ្នះឆ្នោតដោយសារការសន្យារបស់ពួកគេប្រឈមជាមួយចិនដីគោក ទំនាក់ទំនងជាមួយទីក្រុងប៉េកាំង ទំនងជាស្ថិតនៅលើកំពូលរបៀបវារៈសម្រាប់ឆ្នាំ២០២៤ ជាពិសេសនៅពេលដែលចិនបង្កើនសំពាធឲ្យកោះតៃវ៉ាន់ទទួលយកការគ្រប់គ្រងរបស់ខ្លួន៕