ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានប្តេជ្ញាខិតខំរួមគ្នាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងលើស ១២ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣នេះ កើនពី ១១,៦៨៦លានដុល្លារអាម៉េរិក ឆ្នាំ២០២២។
ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅក្រោយចប់សន្និសីទផ្សព្វផ្សាយ ពិព័រណ៍ចិន-អាស៊ាន លើកទី២០ ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី១៥ ខែមីនា បានមានប្រសាសន៍ឲ្យដឹងថា ទំនាក់ទំនងការទូតជាមួយគ្នាអស់រយៈពេល ៦៥ឆ្នាំ បានបង្កើនចំណង មិត្តភាពទ្វេភាគីកាន់តែរឹងមាំ និងស៊ីជម្រៅពីមួយឆ្នាំ ទៅមួយឆ្នាំ និងបានក្លាយទៅជាមិត្តភាពដែកថែបមិន អាចកាត់ផ្តាច់បានក្នុងការរួមគ្នាកសាងវឌ្ឍនភាព វិបុលភាព និងការយល់ចិត្តថ្លើមគ្នា។
ឯកឧត្តម បានបន្តថា ទោះស្ថិតក្នុងគ្រាលំបាកដែលបណ្តាលមកពីការកើតឡើងនូវជំងឺកូវីដ-១៩ក្តី ក្នុងឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ចិន បានដាក់ទុនវិនិយោគនៅកម្ពុជា មានចំនួន ១៨៦គម្រោង គិតជាទឹកប្រាក់សរុបចំនួនប្រមាណ ៤ពាន់លានដុល្លារអាមេរិក។
លោក អ៊ូ គួកឈាន (WU Guoquan) ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម អមស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានលើកឡើងថា ទំនាក់ទំនងចិន-កម្ពុជា បាននាំមកនូវឱកាសអភិវឌ្ឍន៍ក្នុងប្រវត្តិសាស្ត្រថ្មីមួយទៀត ខណៈប្រមុខថ្នាក់ដឹកនាំប្រទេសទាំងពីរ បានព្រៀមព្រៀងគ្នាដើម្បីកសាងសហគមន៍ជោគវាសនាចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។
សូមបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ ពិព័រណ៍ចិន-អាស៊ាន នៅព្រឹកថ្ងៃនេះនៅទីស្តីការក្រសួងពាណិជ្ជកម្ម មានគោលបំណងដើម្បីបង្ហាញអំពីការត្រៀមលក្ខណៈរៀបចំចូលរួម ពិព័រណ៍ចិន-អាស៊ាន លើកទី២០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន នាពេលខាងមុខ។ ក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស ពាណិជ្ជករ និងអាជីវករទាំងឡាយ ដែលមានបំណងចង់ចូលរួមតាំងបង្ហាញផលិតផលក្នុងពិព័រណ៍នេះ អាចទំនាក់ទំនងបានជាមួយ ដើម្បីដាក់ពាក្យស្នើរចាប់ពីពេលនេះតទៅនៅទីស្តីក្រសួងពាណិជ្ជកម្ម៕ អត្ថបទ៖ ឈិត បូរ៉ាវី